ឆ្នាំនេះ! កម្ពុជាបាននាំចេញអង្ករចំនួន ១៧.៧៧ម៉ឺនតោនទៅកាន់ទីផ្សារចិន កើនឡើង ៥២.៧% បើធៀបនឹងឆ្នាំមុន


ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះសារមួយ ដោយវាយតម្លៃខ្ពស់ ចំពោះការកើនឡើងអត្រានាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដៃគូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈតួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ១៧.៧៧ម៉ឺន តោនទៅកាន់ប្រទេសចិន កើនឡើង ៥២.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់នៃការនាំចេញប្រមាណ ១០៥ លានដុល្លារ។

ជាងនេះទៅទៀត ឯកឧត្តមបានង្កត់ធ្ងន់ថា ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករដ៏សំខាន់របស់កម្ពុជា ដែលនេះ បានបង្ហាញយ៉ាងពេញលេញអំពីកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជាត្រូវបានជំរុញកាន់តែស៊ីជម្រៅ។

ប្រភព៖ ឯកអគ្គរដ្ឋទូត WANG Wenbin