កម្ពុជា-ម៉ាឡេស៊ី ពង្រឹងភាពជាដៃគូរពាណិជ្ជកម្មទ្វេភាគី សម្រេចគោលដៅទំហំពាណិជ្ជ ៩៤៧ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ខែ ឆ្នាំនេះ


ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដើម្បីស្វែងរកឱកាសថ្មីៗក្នុងការពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូធុរកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី សម្រេចបានប្រមាណ ១,០៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ២៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨៦៥ លានដុល្លារអាម៉េរិក។ តួលេខនេះបានបង្ហាញថា ប្រទេសទាំងពីរសម្រេចបាន និងលើសគោលដៅទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារអាម៉េរិក ដែលបានប្តេជ្ញារួមគ្នាកន្លងមក។ ដោយឡែក ក្នុងរយៈពេល ៧ខែដំបូងឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ប្រមាណ ៩៤៧ លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ទន្ទឹមនោះ លោកជំទាវ បានលើកឡើងថា កំណើនពាណិជ្ជកម្មដ៏រឹងមាំនេះ ឆ្លុះបញ្ចាំងពីភាពបំពេញបន្ថែមឱ្យគ្នារវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងបានអំពាវនាវឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ មិនត្រឹមតែផ្តោតលើការបង្កើនទំហំពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការវិនិយោគ ការចាប់ដៃគូអាជីវកម្ម ការផ្ទេរបច្ចេកវិទ្យា ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើនការចូលរួមរបស់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ។

ក្នុងន័យនេះ លោកជំទាវ រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ធុរជនម៉ាឡេស៊ី ឱ្យស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មថ្មីៗនៅកម្ពុជា ក្នុងវិស័យដែលមានសក្តានុពល ដូចជា ទំនិញប្រើប្រាស់ទូទៅ កសិផលកែច្នៃ សុខាភិបាល ថាមពលបៃតង សេវាឌីជីថល ភស្តុភារកម្ម និងវិស័យហាឡាល។

ជាមួយគ្នានោះ លោកស្រីរដ្ឋមន្ត្រី បានអំពាវនាវដល់វិស័យឯកជននៃប្រទេសទាំងពីរ ឱ្យរួមគ្នាប្រែក្លាយ «ការចូលដល់ទីផ្សារ ទៅជាវត្តមាននៅក្នុងទីផ្សារ» និង «ទំនាក់ទំនងធុរកិច្ច ទៅជាភាពជាដៃគូពាណិជ្ជកម្ម» ដើម្បីរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់កម្ពុជា និងម៉ាឡេស៊ី។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម