ក្រុមជួយសង្គ្រោះ បានរកឃើញកម្មករនេប៉ាល់ ២នាក់ ក្រោយជាប់ក្នុងរូងក្រោមដីនៃគម្រោងវារីអគ្គិសនីអស់ជាង ១សប្ដាហ៍
កដ្ឋមណ្ឌូ៖ ក្រុមជួយសង្គ្រោះនៅប្រទេសនេប៉ាល់ បានជួយសង្គ្រោះកម្មករ ២នាក់ ឱ្យចេញពីរូងក្រោមដីនៃគម្រោងវារីអគ្គិសនី Trishuli 3A Hydropower Project ទាំងនៅមានជីវិត ក្រោយពួកគេជាប់នៅក្នុងនោះអស់រយៈពេល ៩ថ្ងៃ ដោយសារគ្រោះមហន្តរាយជំនន់ភ្លាមៗ និងបំណាក់ដីភក់ ដែលបានវាយប្រហារតំបន់ព្រំដែននេប៉ាល់-ចិន។



យោងតាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្មករទាំងពីរនាក់ មានស្ថានភាពរាងកាយទន់ខ្សោយ ដោយសារខ្វះអុកស៊ីសែន និងមានរបួសនៅដៃជើង រហូតមិនអាចដើរបានឡើយ។
តាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យនាយករដ្ឋមន្ត្រីនេប៉ាល់ បានឱ្យដឹងថា កម្មករទាំងពីរ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ នាំទៅកាន់មន្ទីរពេទ្យទាហាន ដើម្បីទទួលការព្យាបាល។ ក្នុងចំណោមអ្នកទាំងពីរ លោក Kabir Maharjan កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវការការសង្គ្រោះបន្ទាន់។
ក្រុមជួយសង្គ្រោះ បានអះអាងថា អាចនៅមានមនុស្សប្រមាណ ៣០ ទៅ ៤០នាក់ កំពុងជាប់នៅក្នុងតំបន់ស្ថានីយ Trishuli 3A ដោយសារក្រុមការងារបានឮសំឡេងមនុស្សស្រែកសុំជំនួយ ដែលពួគេទាំងនោះអាចនឹងនៅរស់រានមានជីវិត។
សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង ស្របពេលចំនួនអ្នកស្លាប់ជាផ្លូវការពីគ្រោះមហន្តរាយធម្មជាតិ ដែលបានកើតឡើងនៅតំបន់នេប៉ាល់ និងទីបេ បានកើនដល់ ១,៣០១នាក់ ខណៈមនុស្សជាង ៥,៣០០នាក់ ផ្សេងទៀត ត្រូវបានរាយការណ៍ថានៅបន្តបាត់ខ្លួន។ ដោយឡែក តាមការស្មាន អាចនឹងមានភ្ញៀវទេសចរ មកពីប្រទេសចំនួន ៣៤ ក្នុងចំណោមអ្នកបាត់ខ្លួន។
ប្រភព៖ BBC















