|

ជនជាតិអង់គ្លេស ២នាក់ កំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង ក្រោយវិលត្រឡប់ពីនាវាទេសចរណ៍អន្តរជាតិ ដែលមានផ្ទុះមេរោគ Hantavirus!


អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងថា ជនជាតិអង់គ្លេសពីរនាក់ ដែលបានធ្វើដំណើរលើនាវាទេសចរណ៍ MV Hondius កំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីវិលត្រឡប់មកចក្រភពអង់គ្លេស ក្រោយការផ្ទុះឡើងនៃមេរោគ Hantavirus នៅលើនាវានោះ។

យោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ថា មនុស្សទាំងពីរនាក់ ដែលបានចាកចេញពីនាវានៅកោះ St Helena កាលពីចុងខែមេសា ដោយមិនទាន់បង្ហាញរោគសញ្ញានៃជំងឺនោះនៅឡើយទេ។

លោកវេជ្ជបណ្ឌិត Meera Chand អនុប្រធានផ្នែកជំងឺរាតត្បាត និងជំងឺឆ្លងថ្មីៗនៃ UKHSA បានថ្លែងថា អាជ្ញាធរកំពុងតាមដានយ៉ាងដិតដល់លើអ្នកដែលអាចមានការប៉ះពាល់ជាមួយមេរោគនេះ ហើយបានអះអាងថា ហានិភ័យចំពោះសាធារណជនទូទៅនៅតែមានកម្រិតទាប។

អាជ្ញាធរអាហ្សង់ទីនកំពុងស៊ើបអង្កេត ដើម្បីកំណត់ថាតើប្រទេសនេះជាប្រភពនៃការផ្ទុះមេរោគឬយ៉ាងណា ខណៈ WHO បានចាត់ទុកតំបន់អាមេរិកឡាទីនជាតំបន់មានហានិភ័យខ្ពស់ចំពោះជំងឺ Hantavirus។

UKHSA បានបញ្ជាក់ថា នៅពេលនាវាចូលចតនៅកោះ Tenerife អ្នកដំណើរជនជាតិអង់គ្លេសដែលនៅសល់ អាចនឹងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញ ប្រសិនបើពួកគេមិនបង្ហាញរោគសញ្ញាណាមួយទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ លោកស្រី Monica Garcia ក៏បានបញ្ជាក់ដែរថា មិនមានអ្នកដំណើរណាម្នាក់នៅលើនាវាបង្ហាញរោគសញ្ញាឆ្លងជំងឺនោះទេ ហើយជនជាតិអេស្ប៉ាញចំនួន ១៤ នាក់ នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យក្នុងទីក្រុងម៉ាឌ្រីដ។

ក្នុងចំណោមអ្នកដែលត្រូវបានជម្លៀសចេញពីនាវា មានលោក Martin Anstee សមាជិកនាវិកជនជាតិអង់គ្លេស និងជាមគ្គុទ្ទេសក៍បេសកកម្ម។ លោកបានប្រាប់ពីមន្ទីរពេទ្យក្នុងប្រទេសហូឡង់ថា ស្ថានភាពសុខភាពរបស់លោកនៅល្អ និងកំពុងបន្តធ្វើតេស្តបន្ថែម។

ជាមួយគ្នានេះ អ្នកជំនាញសុខាភិបាល បានពន្យល់ថា មេរោគ Hantavirus ជាក្រុមមេរោគដែលឆ្លងពីសត្វកកេរទៅមនុស្ស តាមរយៈការប៉ះពាល់ជាមួយទឹកនោម លាមក ឬទឹកមាត់របស់សត្វដែលផ្ទុកមេរោគ។ ប្រភេទ Andes strain ដែលត្រូវបានគេសង្ស័យក្នុងករណីនេះ អាចបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ និងធ្លាប់មានភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្សក្នុងករណីកម្រមួយចំនួន។

ប្រភព៖ The Guardian