|

ករណីផ្ទុះមេរោគ Hantavirus ដ៏កម្រមួយប្រភេទ មានសមត្ថភាពឆ្លងពីមនុស្សទៅមនុស្ស ត្រូវបានរកឃើញលើអ្នកដំណើរ ២នាក់ ក្នុងនាវាទេសចរណ៍អន្តរជាតិមួយ


យោងតាមក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា មេរោគប្រភេទ Andes hantavirus ត្រូវបានរកឃើញក្នុងខ្លួនអ្នកជំងឺ ២នាក់ ដែលត្រូវបានជម្លៀសចេញពីនាវាទៅទទួលការព្យាបាល។ មេរោគប្រភេទនេះត្រូវបានគេស្គាល់ថាអាចឆ្លងពីមនុស្សទៅមនុស្សបាន ក្នុងករណីមានការប៉ះពាល់ជិតស្និទ្ធខ្លាំង។

ករណីផ្ទុះឡើងនេះបានបណ្តាលឱ្យអ្នកដំណើរ បីនាក់ស្លាប់ បន្ទាប់ពីនាវាបានចេញដំណើរពីប្រទេសអាហ្សង់ទីន និងឆ្លងកាត់មហាសមុទ្រអាត្លង់ទិកកាលពីប្រហែលមួយខែមុន។ ខណៈពេលដដែល អ្នកដំណើរចំនួន បីនាក់ផ្សេងទៀតដែលមានរោគសញ្ញា ត្រូវបានជម្លៀសទៅប្រទេសហូឡង់ និងប្រទេសផ្សេងៗ ដើម្បីទទួលការថែទាំសុខភាពបន្ថែម។

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា សរុបមានករណីឆ្លងដែលបានបញ្ជាក់ចំនួន ៨ករណី ប៉ុន្តែករណីសង្ស័យមាន ៥ករណី ដែលត្រូវបានកំណត់អត្តសញ្ញាណនៅលើនាវា។ ទោះជាយ៉ាងណា WHO បានសង្កត់ធ្ងន់ថា ហានិភ័យសម្រាប់សាធារណជនទូទៅនៅតែទាប ហើយការតាមដានកំពុងត្រូវបានអនុវត្ត។

យោងតាមព័ត៌មានពីអាជ្ញាធរហូឡង់ និងប្រតិបត្តិករនាវា អ្នកដំណើរនិងសមាជិកនាវិកប្រមាណ ១៥០ នាក់នៅតែស្ថិតលើនាវា ក្រោមវិធានការប្រុងប្រយ័ត្នយ៉ាងតឹងរឹង។ ឯនាវាបច្ចុប្បន្នត្រូវបានចតនៅជិតតំបន់ Cape Verde និងមានផែនការធ្វើដំណើរទៅកាន់កោះកាណារី ដើម្បីអនុញ្ញាតឱ្យអ្នកដំណើរចុះចត និងទទួលការពិនិត្យសុខភាពជាបន្ទាន់។

គួរបញ្ជាក់ថា មេរោគ Hantavirus ជាទូទៅឆ្លងតាមរយៈសត្វកកេរ ប៉ុន្តែពូជ Andes ត្រូវបានកត់សម្គាល់ថា អាចឆ្លងរវាងមនុស្សទៅមនុស្សម្នាក់ទៀត ដែលធ្វើឱ្យអាជ្ញាធរសុខាភិបាលបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច។

ប្រភព៖ BBC