|

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យបងប្អូនជនរួមជាតិខិតខំពង្រឹងសមត្ថភាពជាតិ និងលើកតម្កើងផលិតផលក្នុងស្រុក ជាជាងចំណាយពេលធ្វើពហិការលើទំនិញ និងផលិតផលបរទេស


នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ១៥ សីហា ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ញើសារទៅកាន់បងប្អូនជនរួមជាតិ ដោយបញ្ជាក់ពីការយល់ច្បាស់ចំពោះទឹកចិត្ត វីរៈភាព និងស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលករ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងចំពោះអនាគត។

ឯកឧត្តមបានលើកឡើងថា «ដើម្បីឈ្នះឧបសគ្គ និងធានាការអភិវឌ្ឍយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ។ យើងត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព។ យើងក៏ត្រូវយកឱកាសនេះរួមគ្នាខិតខំបង្ហាញ និងលើកតម្កើងនូវអ្វីដែលជាផលិតផលក្នុងស្រុករបស់យើងឱ្យខ្លាំងក្លា និងដើម្បីពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់យើងឱ្យបានគ្រប់គ្រាន់ និងពេញលេញ ជាជាងចំណាយពេលធ្វើចលនាពហិការទំនិញ និងផលិតផលបរទេស ដែលចំណែកណានោះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ច និងការងាររបស់ខ្មែរយើងរួចទៅហើយ។ យើងក៏អាចពិចារណាផងដែរ លើអ្វីដែលអាចឈានលើសពីពហិការទំនិញ ឱ្យក្លាយទៅជាសង្គ្រាមពាណិជ្ជកម្ម ដែលប្រការនេះទាមទារឲ្យមានការពិចារណាល្អិតល្អន់ជាងនេះ សម្រាប់អនាគតយូរអង្វែងទៅមុខ។»

ឯកឧត្តមបានបន្ថែមថា ពេលកម្ពុជាមានសមត្ថភាពរឹងមាំ ការនាំចូលពីប្រទេសជិតខាងនឹងកាត់បន្ថយដោយស្វ័យប្រវត្តិ ហើយកម្ពុជាយើងនឹងឈានទៅរកភាពម្ចាស់ការលើទីផ្សារ នៃទំនិញនិងផលិតរបស់ខ្លួនបាន ជាក់ជាមិនខាន។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ បន្តផ្តល់នូវសំឡេងស្នេហាជាតិមួយរួមគ្នា ដើម្បីផ្តល់កម្លាំងចិត្ត ការគាំទ្រ និងភាពជឿជាក់លើកិច្ចខិតខំប្រឹងប្រែងក៏ដូចជារាល់វិធានការ របស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដែលកំពុងដឹកនាំ អនុវត្តការងារស្នូល ជាយុទ្ធសាស្ត្រ សំខាន់បំផុត ទាំងលើការដ្ឋានយោធា ការដ្ឋានការទូត និងការដ្ឋានច្បាប់ ជាពិសេស ការគោរពបទឈប់បាញ់ ឈានឆ្ពោះទៅការបញ្ចប់សង្គ្រាម ដើម្បីកម្ពុជាទទួលមកវិញនូវសន្តិភាពពេញលេញ។