សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថារង់ចាំធ្វើជាថ្មសំលៀងសម្រាប់កូនៗជានិច្ច ទោះជាកូនៗចេញដឹកនាំប្រទេសឬចូលរួមក្នុងការងារបំរើជាតិក្នុងឋានៈខ្ពង់ខ្ពស់ក៏ដោយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីនាយករដ្ឋមន្តីកម្ពុជា នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញរូបថតប៉ុន្មានសន្លឹក អមជាមួយសារដែលរៀបរាប់រួមជាមថា «ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួចនិងកំពុងរក្សាទុកឬនិយាយមួយបែបគឺ ដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុងសំលៀងបន្ត។


រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើប ទទួលផលដូចថ្ងៃនេះ។ ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួក កូនមិនមានម៉ូតូឬឡានជិះទេពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ(សាលាចតុមុខ)សំណាងជាងគេម៉ាណែតបានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះសុីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះតែពុកចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជន ធម្មតាដូចកាលពុកនៅពីក្មេង។
ពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នាដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។


ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ម៉ានិត ម៉ានី ម៉ាលីគឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បងណាហ្រ្គានិងសុខហ៊ានិងចាយលុលើស100Franceត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។ ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមានម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែម៉ាណែតពុកសរេសរវិន័យ(ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រត្រូវសុំអុំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអុំ)ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទភ្លើងបិទម៉ាសុីនកំដៅ ម៉ាសុីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង។

ពុកម៉ែសូមអរគុណកូនៗដែលជាង២០ឆ្នាំមុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយថាប្រាប់ទាំងអស់គ្នាថា(ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។ ពិតមែនតែពេលនេះពួកកូនមានប្រពន្ធ មានប្តីនិងមានកូនព្រមទាំងចេញដឹកនាំប្រទេសឬចូលរួមក្នុងការងារបំរើជាតិក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។
ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀតពិសេសផ្តោតលើគុណធម៍ ចរិយាធម៍ សិលធម៍ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត»៕