ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមបរិច្ចាគឈាមជាលើក១៤
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥។

ឯកឧត្តម បានបង្ហាញសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុង យុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ជីវិត» ព្រមទាំងបានរំលឹកឡើងថា ការចូលរួមបរិច្ចាគឈាមលើកដំបូងរបស់ឯកឧត្តម គឺផ្ដើមចេញពីការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលមានការធ្លាក់ចុះនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមទាំងមានការធ្លាក់ចុះនូវស្ដុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ មកទល់ពេលនេះ ឯកឧត្តមបានសម្រេចការបរិច្ចាគឈាមចំនួន ១៤លើករួចមកហើយ។

ឯកឧត្តមបានបន្តថា «តាមរយៈការអំពាវនាវ របស់សម្ដេចតេជោ និងការស្វែងយល់ពីតម្រូវការជាក់ស្ដែង ហើយជាពិសេសការយល់ពីអត្ថន័យនៃការផ្ដល់ឈាមមួយប្លោកនឹងអាចចូលរួមជួយទៅដល់នរណាម្នាក់ បានក្លាយជាចំនុចចាប់ផ្ដើមនៃការមើលលើអត្ថប្រយោជន៍រួមនៃការលះបង់របស់យើងម្នាក់ៗ ដែលការលះបង់នេះ គឺជាការលះបង់ដ៏ធំធេងលើសពីការលះបង់ថវិកា ក៏ប៉ុន្តែជាការបរិច្ចាគឈាមខ្លួនឯងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ»។

ឯកឧត្តម ហ៊ុន ម៉ានីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការផ្តួចផ្តើមរៀបចំយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាមនេះឡើង។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។

គួរបញ្ជាក់ថា យុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ាលោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ៥០០ជាងនាក់។
