|

សម្ដេច ហ៊ុន សែន៖មន្ត្រី ឬរថយន្តពេទ្យដែលលួចលាក់រត់ពន្ធមនុស្សចេញ-ចូល រាជធានីភ្នំពេញ អាចប្រឈមមុខធ្ងន់ធ្ងរចំពោះមុខច្បាប់


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ដោយគ្មានការលើកលែង ប្រសិនបើមានករណីរត់ពន្ធមនុស្សចេញ-ចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជ្រកក្រោមផ្លាករថយន្តមន្រ្តីមានអំណាច ឬរថយន្តពេទ្យ។ នេះបើតាមសារជាសម្លេងរបស់សម្ដេច ហ៊ុន សែន ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងសារសម្លេងដែលមានរយៈជាង១៨នាទី សម្ដេចហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាបន្ថែមដើម្បីពង្រឹងការអនុវត្តច្បាប់ ស្របពេលភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលកំពុងស្ថិតនៅក្រោមការបិទខ្ទប់រយៈពេល១៤ថ្ងៃ។

យោងតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនោះ សម្ដេច ហ៊ុន សែន បានព្រមានចាត់វិធានតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលរត់ពន្ធមនុស្សចេញ-ចូលក្នុងតំបន់ហាមឃាត់ និងកំពុងស្ថិតក្រោមការបិទខ្ទប់។ ពិសេស ចំពោះមន្ត្រី ឬ រថយន្តពេទ្យ មានចេតនាលួចលាក់ដឹកមនុស្សចេញ-ចូល ក្នុងកាលៈទេសៈដ៏ប្រថុយប្រថាននេះ នឹងត្រូវកសាងសំណុំរឿងយកទៅកាត់ទោសនៅតុលាការដោយគ្មានករណីករណីលើកលែងនោះឡើយ។

សម្ដេច ហ៊ុន សែនបានបញ្ជាក់ថា៖«ប្រសិនបើព័ត៌មានពិតពាក់ព័ន្ធនឹងការរត់ពន្ធមនុស្ស ដោយជ្រកក្រោមផ្លាករបស់រថយន្តអ្នកនេះ រថយន្តអ្នកនោះ រហូតទៅដល់រថយន្តពេទ្យទៀត ក៏សូមឱ្យមានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ ប្រសិនបើរកឃើញករណីនេះ គឺធ្ងន់ធ្ងរ ព្រោះយើងមិនអាចយោគយល់អ្នកអនុវត្តច្បាប់ បែរជាឃុំឃិតជាមួយអ្នកធ្វើដំណើរនោះទេ។»

បន្ថែមពីនេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ថា អំឡុងការបិទខ្ទប់នេះ ពលរដ្ឋទាំងអស់ត្រូវតម្រូវឱ្យស្នាក់នៅផ្ទះ និងមិនអនុញ្ញាតឱ្យចេញក្រៅរហេតរហូតឡើយ។ ក្នុងករណីមានការបំពាននឹងបម្រាមគោចរណ៍ អាជ្ញាធរ ត្រូវអនុវត្តវិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

រីឯអ្នកដែលបានចេញពីរាជធានីភ្នំពេញអំឡុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរវិញ នឹងមិនត្រូវរីរអនុញ្ញាតឱ្យវិលត្រឡប់ចូលរាជធានីភ្នំពេញវិញឡើយ។ ពោល ពួកគេត្រូវរងចាំ និងបន្តស្នាក់នៅស្រុកកំណើតជាបណ្ដោះអាសន្ន រហូតមានការបើកដំណើរការជាប្រក្រតីឡើងវិញ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បើគ្មានការសហការពីប្រជាពលរដ្ឋ យើងនឹងមិនអាចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានទេ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៕

រូបភាព៖ SPM

ដោយ៖ ង៉ាយ ណៃ