សម្ដេច ហ៊ុន សែន៖ «ការវិនិយោគលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌»
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ សម្ដេចក៏បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានប្រើប្រាស់យ៉ាងស្មើភាពសម្រាប់មនុស្សទាំងអស់។ជាមួយនឹងសមិទ្ធផលថ្មីនេះ បានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកាក្នុងការធ្វើដំណើរ ព្រមទាំងជំរុញឱ្យមានការរីកលូតលាស់នៃល្បឿនសេដ្ឋកិច្ចសម្រាប់ប្រជាជននៅទូទាំងប្រទេស។
ការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ គឺពុំមានអ្វីដែលល្អជាងការកសាងហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ ការកសាងសាលារៀន ការកសាងមន្ទីរពេទ្យ ឬអ្វីដែលជាសម្បត្តិសាធារណៈ ដើម្បីបម្រើឱ្យប្រជាពលរដ្ឋនោះទេ។ នេះដោយយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេច។
សម្ដេចបានបញ្ជាក់បន្ថែមថា«ខ្ញុំនៅតែបន្តនយោបាយអទិភាពទៅលើការតភ្ជាប់ ដែលការតភ្ជាប់លើកនេះ គឺខុសពីការតភ្ជាប់ក្នុងពេលដែលយើងក្រលំបាក»។ ជាក់ស្ដែង ក្នុងទស្សវត្ស៩០ លុយតិច តែធ្វើផ្លូវឱ្យបានវែង ដែលទីបំផុតយើងប្រើបានតែក្នុងមួយរយៈកាលខ្លី បន្ទាប់មកត្រូវជួសជុលដោយចំណាយអស់ថវិកាជាច្រើន។ ដោយឡែក បច្ចុប្បន្ននេះ យើងផ្ដោតលើគុណភាពផ្លូវជាធំ។
សូមជម្រាបជូនថា សមិទ្ធផលថ្មីនេះគឺ បន្ថែមពីលើសមិទ្ធផលផ្លូវ៣៧ខ្សែ នៃទីរួមខេត្តព្រះសីហនុ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំទៅ និងជាការវិនិយោគផ្ទាល់ដោយថវិកាជាតិ ដោយចំណាយអស់ជាង៧០លានដុល្លារ៕
ដោយ៖ Phat koemchhe