រថយន្តថៃ ដឹកអ្នកដំណើរជនជាតិឡាវ រេចង្កូតក្រឡាប់ បណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ!
បាងកក៖ រថយន្តដឹកអ្នកដំណើរមួយគ្រឿង ដែលមានអ្នកដំណើរជនជាតិឡាវចំនួន ១៤នាក់ បានរេចង្កូតធ្លាក់ចេញពីផ្លូវ ក្រឡាប់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅខេត្ត Roi Et ប្រទេសថៃ កាលពីវេលាម៉ោងប្រមាណ ៥៖២០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្ស ២នាក់បានស្លាប់ និង ១២នាក់ទៀតរងរបួស។



ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវ ៤គន្លង Kalasin–Mukdahan ក្បែរភូមិ Kog Lam ភូមិលេខ១០ ឃុំ Nong Yai ស្រុក Phon Thong ខេត្ត Roi Et ជិតព្រំប្រទល់ស្រុក Kuchinarai ខេត្ត Kalasin ប្រទេសថៃ។
យោងតាមការត្រួតពិនិត្យជាបឋម រថយន្តដែលជួបគ្រោះថ្នាក់ បានដឹកជនជាតិឡាវចំនួន ១៤នាក់ រួមទាំងអ្នកបើកបរ។ ពួកគេកំពុងធ្វើដំណើរពីទីក្រុងបាងកកទៅខេត្ត Mukdahan ដើម្បីបន្តលិខិតអនុញ្ញាត និងត្រឡប់ទៅប្រទេសឡាវវិញ។ ក្រុមអ្នកដំណើរនេះ បានចេញដំណើរប្រមាណម៉ោង ៩យប់កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ភ្លាមៗក្រុមសង្គ្រោះពី Buakhao Rescue និង Samkha Rescue ព្រមទាំងក្រុមវេជ្ជសាស្ត្របន្ទាន់ បានចុះជួយ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យផ្សេងៗក្បែរទីតាំងកើតហេតុ។ ក្នុងនោះ អ្នករងរបួស ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Somdet Phra Yuppharat Kutchinarai ខណៈ ៦នាក់ ទៀតត្រូវបានដឹកដោយ Buakhao Rescue និងម្នាក់ទៀត ដោយ Samkha Rescue។
ចំណែកសាកសពអ្នកស្លាប់ ២នាក់ មិនទាន់អាចកំណត់អត្តសញ្ញាណ និងភេទបាននៅឡើយទេ ដោយត្រូវរង់ចាំការបញ្ជាក់ពីមន្ត្រីកោសល្យវិច្ច័យជាមុនសិន។
សូមបញ្ជាក់ជូនថា ក្នុងពេលធ្វើដំណើរ អ្នកដំណើរវ័យក្មេង ២នាក់ គឺប្រុសម្នាក់ និងស្រីម្នាក់ ដែលអង្គុយនៅផ្នែកខាងមុខ ខាងក្រោយអ្នកបើកបរ បានសង្កេតឃើញថា រថយន្តកំពុងបើកលឿនប្រមាណ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានព្រមានអ្នកបើកបរឱ្យបន្ថយល្បឿន។ ដំបូង អ្នកបើកបរ បានបន្ថយល្បឿន ប៉ុន្តែមិនយូរប៉ុន្មាន ក៏ត្រឡប់ទៅបើកក្នុងល្បឿនលឿនវិញ។ អ្នកដំណើរ២រូបនេះ ក៏បានឱ្យដឹងថា គេសង្កេតឃើញស្ថានភាពមិនប្រក្រតីរបស់អ្នកបើកបរ ដោយ ហាក់ដូចជាងងុយដេក និងងោកក្បាលជាបន្តបន្ទាប់នៅពេលកំពុងបើកបរ។ អ្វីដែលធ្វើឱ្យអ្នកដំណើរភ័យខ្លាចបន្ថែមទៀត គឺអ្នកបើកបរបានកាន់ចង្កូតដោយ ដៃម្ខាង ខណៈដៃម្ខាងទៀតមិនបានកាន់ចង្កូតឡើយ។
នៅពេលរថយន្តកំពុងខិតជិតដល់តំបន់កើតហេតុ អ្នកដំណើរ២រូបនេះ កំពុងត្រៀមព្រមានអ្នកបើកបរម្តងទៀតអំពីល្បឿន ប៉ុន្តែយឺតពេលទៅហើយ ព្រោះរថយន្តបានបាត់បង់ការគ្រប់គ្រង ដោយរេចង្កូតចេញពីផ្លូវ និងក្រឡាប់ មុនពេលភ្លើងឆាបឆេះ។
ទោះជាយ៉ាងណា បច្ចុប្បន្នប៉ូលិសថៃកំពុងបន្តស៊ើបអង្កេតយ៉ាងលម្អិតនៅកន្លែងកើតហេតុ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់។ បញ្ជីឈ្មោះអ្នកស្លាប់ និងអ្នករងរបួសក៏កំពុងត្រូវបានអាជ្ញាធររៀបចំ និងផ្ទៀងផ្ទាត់ ដើម្បីជូនដំណឹងទៅកាន់សាច់ញាតិផងដែរ។
ប្រភព៖ Thairath











