ចិនត្រៀមបើកសាកល្បងព្រែកជីកថ្មី ប្រវែង ១៣៤គីឡូម៉ែត្រ ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្មជាមួយទីផ្សារអាស៊ីអាគ្នេយ៍
ចិន៖ ប្រទេសចិនកំពុងត្រៀមបើកដំណើរការផ្លូវការនូវ ព្រែកជីក Pinglu ដែលមានប្រវែងប្រមាណ ៨៣.៤ម៉ាយ (១៣៤គីឡូម៉ែត្រ) ដោយមានគោលបំណងកាត់បន្ថយចម្ងាយដឹកជញ្ជូនតាមផ្លូវទឹក និងពង្រឹងការតភ្ជាប់ពាណិជ្ជកម្មរបស់ចិនជាមួយទីផ្សារអាស៊ីអាគ្នេយ៍។


ជាមួយគ្នានោះ ការសាកល្បងធ្វើដំណើរពេញមួយខ្សែព្រែកជីក ត្រូវបានបញ្ចប់ដោយនាវាល្បាតរបស់ចិន Haixun 1003 កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីត្រួតពិនិត្យប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ មុនពេលគម្រោងនេះ គ្រោងបើកដំណើរការពាណិជ្ជកម្មផ្លូវការនៅក្នុងខែកញ្ញាខាងមុខ។
សូមបញ្ជាក់ថា ព្រែកជីកនេះ មានទំហំទឹកប្រាក់វិនិយោគប្រមាណ ១០.៣ពាន់លានដុល្លារ និងត្រូវបានចាត់ទុកថាជាគម្រោងព្រែកជីកដ៏ធំដំបូងរបស់ប្រទេសចិន ដែលតភ្ជាប់ផ្លូវទឹកក្នុងដីទៅសមុទ្រ និងត្រូវបានរៀបចំអនុវត្តក្នុងកម្រិតជាតិ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ១៩៤៩។
គួរឲ្យដឹងផងដែរថា សារៈសំខាន់នៃព្រែកជីក Pinglu គឺតភ្ជាប់ពីតំបន់មាត់ទន្លេ Ping ក្នុងទីក្រុង Hengzhou ឆ្ពោះទៅតំបន់ឈូងសមុទ្រ Beibu តាមរយៈទន្លេ Qingjian។ មុនពេលមានផ្លូវទឹកថ្មីនេះ ទំនិញដែលផលិតនៅតំបន់នោះ ត្រូវធ្វើដំណើរសោយវាងផ្លូវឆ្ងាយតាមតំបន់ដីសណ្ដទន្លេ Pearl ដើម្បីទៅដល់កំពង់ផែ Guangzhou មុនធ្វើការបញ្ជូនទំនិញ។ តាមការរំពឹងទុក ព្រែកជីកថ្មីនេះ អាច កាត់បន្ថយចម្ងាយដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ ៥៦០គីឡូម៉ែត្រ និងជួយកាត់បន្ថយការកកស្ទះលើបណ្តាញដឹកជញ្ជូនតាមទន្លេ ព្រមទាំងអាចជួយសន្សំថ្លៃដឹកជញ្ជូនបានប្រមាណ ៧៣៥លានដុល្លារក្នុងមួយឆ្នាំ និងបង្កើនការតភ្ជាប់ពាណិជ្ជកម្មជាមួយទីផ្សារអាស៊ីអាគ្នេយ៍បានកាន់តែទូលាយ។
ដោយឡែក គម្រោងនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) របស់ចិន ខណៈចិនកំពុងផ្តល់អាទិភាពកាន់តែខ្លាំងដល់ទីផ្សារអាស៊ីអាគ្នេយ៍ ដើម្បីពង្រីកដៃគូពាណិជ្ជកម្ម និងបង្កើនការនាំចេញទៅកាន់តំបន់។
គួរបញ្ជាក់ផងដែរថា ព្រែកជីកនេះមានមជ្ឈមណ្ឌលសំខាន់ៗចំនួន ៣ ដែលមានប្រព័ន្ធទ្វារទឹកសម្រាប់លើក និងបន្ថយកម្ពស់នាវា។ ទ្វារទឹកនៅតំបន់ Madao ត្រូវបានចាត់ទុកថាជាទ្វារទឹកសម្រាប់នាវាដែលមានទំហំធំបំផុតមួយនៅលើផ្លូវទឹកក្នុងដី ដោយមានប្រវែងប្រមាណ ៣០០ម៉ែត្រ ទទឹង ៣៤ម៉ែត្រ និងជម្រៅប្រហែល ៨ម៉ែត្រ។ ប្រព័ន្ធនេះអាចអនុញ្ញាតឱ្យនាវាដែលមានទម្ងន់ប្រហែល ៥,០០០តោន រហូតដល់ ១២គ្រឿង ឆ្លងកាត់ក្នុងពេលតែមួយ។
ប្រភព៖ The Maritime Executive












