ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជម្រាបប្រាប់ ឯកអគ្គរាជទូតកាណាដា ពីស្ថានភាពរងផលប៉ះពាល់នៅតាមតំបន់ព្រំដែន និងសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងររបស់យោធាថៃ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតនៃប្រទេសកាណាដា នៅសាលប្រជុំរបស់ គ.ស.ម.ក. ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងប្រទេសកាណាដា លើវិស័យសិទ្ធិមនុស្ស។






នាឱកាសនោះ ឯកឧត្តម កែវ រ៉េមី បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិរួមមាន៖ ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។ ការរំលោភបំពានយ៉ាងព្រៃផ្សៃ ចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។
ទន្ទឹមនោះ ឯកឧត្តមក៏បានរៀបរាប់ពីការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 ដែលតាមការលើកឡើងរបស់ គ.ស.ម.ក. បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ ម៉ឺននាក់។ បន្ថែមពីនេះ ក៏មានការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ ព្រមទាំងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។
សូមបញ្ជាក់ថា បើទោះបីមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ រហូតមកដល់ពេលបច្ចុប្បន្ន ជនភៀសសឹកជិត ២០,០០០ នាក់ មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននៅឡើយ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ ព្រមទាំងការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតកាណាដា ក៏បានគូសបញ្ជាក់ពីគោលបំណងក្នុងការជំរុញ និងនាំយកអ្នកវិនិយោគកាណាដាមកកាន់កម្ពុជា និងបានលើកឡើងអំពីបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ព្រមទាំងបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសកាណាដា នឹងកាន់តែរឹងមាំ។
ប្រភព៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា











