ក្រសួងវប្បធម៌ ណែនាំអ្នកប្រើប្រាស់បណ្ដាញសង្គម ធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់តម្លៃវប្បធម៌ និងតម្លៃស្ត្រីខ្មែរ


ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែសីហា បានរំឭកអំពីសេចក្ដីណែនាំនានា ដល់ សិល្បករ សិល្បការិនី និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ និងវប្បធម៌ទាំងអស់ ឱ្យបន្តចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ ការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម។

ក្រសួងបានលើកឡើងថា បច្ចុប្បន្ននេះ សកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី។ ទោះជាយ៉ាងណា ក្រសួងក៏បានសង្កេតឃើញថា នៅមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃវប្បធម៌សង្គម និងតម្លៃស្ត្រីខ្មែរ តាមរយៈការបង្កើត និងផ្សព្វផ្សាយមាតិកាដែលមិនសមស្រប។

ក្នុងន័យនេះ ក្រសួងវប្បធម៌ បានរំឭកអំពីសេចក្តីណែនាំនានា ក្នុងបំណងពង្រឹង និងតម្រង់ទិស អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ជាពិសេសតួនាទីដ៏ចាំបាច់របស់សិល្បករ សិល្បការិនី និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរយើង និងការការពារដល់តម្លៃស្ត្រី។

ជាមួយគ្នានោះ ក្រសួងបានសង្កត់ធ្ងន់ថា សិល្បករ សិល្បការិនី អ្នកប្រកពអាជីពក្នុងវិស័យសិល្បៈវប្បធម៌ និងសាធារណជនទូទៅទាំងអស់ ត្រូវបន្តស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់បណ្តាញសង្គម ដោយមិនត្រូវ ប៉ះពាល់ដល់តម្លៃសង្គម តម្លៃវប្បធម៌ ប្រពៃណី តម្លៃស្ត្រីនោះទេ ដើម្បីប្រជាជាតិខ្មែរយើងទាំងមូល។

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ