ឯកឧត្តម ហ៊ុន ម៉ានី «ការធានាបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគឺជាក្តីប្រាថ្នាចម្បងរបស់យើងទាំងអស់គ្នា ដែល មាននីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យជាខឿនទ្រទ្រង់»
នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភាបានធ្វើការអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ធម្មនុញ្ញបន្ថែមដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាសមាជិករដ្ឋសភា ដែលតំណាងឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត បានប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមមួយនេះ។ ឯកឧត្តម បានលើកឡើងថា «ការអនុម័តនេះ បានបង្ហាញពីឆន្ទៈរួមរបស់រដ្ឋសភា ដែលចង់ឃើញនូវដំណើរការរបស់ស្ថាប័នកំពូលរបស់ជាតិបានប្រព្រឹត្តទៅជាប្រក្រតី ជាពិសេស របស់អំណាចនិតីប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងការធានា ការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា»។
ឯកឧត្តម បានបន្តទៀតថា «យើងទាំងអស់គ្នាចង់ឃើញប្រទេសជាតិមានការអភិវឌ្ឍបន្តទៅមុខឥតឈប់ឈរ ជាពិសេសបរិយាកាសនយោបាយល្អប្រសើរ មានស្ថិរភាពដែលជាកត្តាចាំបាច់សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ឱកាសរៀនសូត្ររបស់កូនចៅ ការទទួលបានការការពារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាបន្តបន្ទាប់។ វិសោធនកម្មនេះ នឹងធ្វើឱ្យដំណើរប្រព្រឹត្តទៅរបស់ស្ថាប័នជាតិអាចបន្តបានដោយឥតមានការរាំងស្ទះ និងឧបសគ្គដែលបង្ករនូវការភិតភ័យរបស់ប្រជាពលរដ្ឋ ក្តីបារម្ភរបស់វិនិយោគិន និងធុរជនទាំងឡាយ នៅពេលក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬនៅក្នុងកាលៈទេសៈដែលមានការទម្លាក់រាជរដ្ឋាភិបាល។
ជាថ្មីម្តងទៀត ការធានាបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគឺជាក្តីប្រាថ្នាចម្បងរបស់យើងទាំងអស់គ្នា ដែល មាននីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យជាខឿនទ្រទ្រង់»។
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Hun Many