|

មនុស្ស ២នាក់ បានស្លាប់ និងជាង ៧,០០០នាក់ ត្រូវជម្លៀស ក្រោយគ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ នៅភាគខាងត្បូងប្រទេសចិន


អាជ្ញាធរចិន បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ បានវាយប្រហារតំបន់ Guangxi ភាគខាងត្បូងប្រទេសចិន នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា នេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ និងប្រជាជនជាង ៧,០០០ នាក់ ត្រូវបានជម្លៀស រួមទាំងបង្កការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។

តាមប្រភពព័ត៌មានផ្លូវការបានឱ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅក្បែរទីក្រុង Liuzhou នៃតំបន់ Guangxi និងបានធ្វើឱ្យអគារយ៉ាងហោចណាស់ ១៣ ខ្នង ដួលរលំ ខណៈដែលផ្លូវជាច្រើនត្រូវបានបិទដោយសារការរអិលបាក់ដី។

ជាមួយគ្នានេះ អាជ្ញាធរចិន បានបញ្ជាក់ការអះអាងថា ប្រជាជនជាង ៧,០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព ដើម្បីបង្ការហានិភ័យបន្តទៀត។ ដោយឡែក មនុស្សប្រមាណ ៤ នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍នេះ។

ជាងនេះទៅទៀត ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ធ្វើឲ្យសេវារថភ្លើងជុំវិញទីក្រុង Liuzhou ត្រូវបានផ្អាក ឬពន្យារពេលជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាព។ គួរបញ្ជាក់ថា ប្រទេសចិនជាតំបន់ដែលធ្លាប់ជួបប្រទះការរញ្ជួយដីជាញឹកញាប់ ខណៈការរញ្ជួយដីធំៗកន្លងមកនៅតំបន់ភាគនិរតីធ្លាប់បណ្តាលឱ្យមានការបាត់បង់ជីវិតយ៉ាងច្រើនផងដែរ។

ប្រភព៖ ABC News