អ៊ីស្រាអែលត្រៀមដាក់ពង្រាយកម្លាំងនគរបាល ២២.០០០នាក់ ដើម្បីទប់ស្កាត់ការតវ៉ានៅអំឡុងពេលបោះឆ្នោត!
អ៊ីស្តង់ប៊ុល៖ អាជ្ញាធរនគរបាលអ៊ីស្រាអែលកំពុងត្រៀមដាក់ពង្រាយកម្លាំងនគរបាលចំនួន ២២.០០០នាក់ ដើម្បីរក្សាសន្តិសុខក្នុងអំឡុងពេលបោះឆ្នោតសកលនៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ដោយព្រួយបារម្ភថា អាចកើតមានភាពចលាចល ឬបាតុកម្មខ្លាំង ក្រោយការប្រកាសលទ្ធផលបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា។


យោងតាមសារព័ត៌មានឯកជន i24NEWS ដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នគរបាលម្នាក់ដោយមិនបញ្ចេញឈ្មោះ ការដាក់ពង្រាយកម្លាំងនៅឆ្នាំនេះ មានចំនួនកើនឡើងប្រមាណ ៥.០០០នាក់ បើធៀបនឹងការបោះឆ្នោតកាលពីឆ្នាំ២០២២។
ការត្រៀមរៀបចំនេះធ្វើឡើង ខណៈការប្រកួតប្រជែងនយោបាយរវាងប្លុករបស់នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងគណបក្សប្រឆាំង កំពុងមានភាពប្រកៀកប្រកិត។ អាជ្ញាធរមានការព្រួយបារម្ភថា ការខ្វែងគំនិតគ្នាជុំវិញលទ្ធផលបោះឆ្នោត អាចបង្កឱ្យមានភាពចលាចល និងអំពើហិង្សា។ មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះបានលើកឡើងថា «ថ្ងៃបន្ទាប់ពីការបោះឆ្នោត ក៏មានហានិភ័យមិនតិចជាងថ្ងៃបោះឆ្នោតនោះទេ»។
ជាមួយគ្នានេះ មន្ត្រីដដែលបានបញ្ជាក់បន្ថែមថា ដំណើរការបោះឆ្នោតផ្ទាល់ កំពុងប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ ប៉ុន្តែអាជ្ញាធរក៏បានត្រៀមលក្ខណៈសម្រាប់លទ្ធភាពដែលលទ្ធផលបោះឆ្នោត អាចនឹងជំរុញឱ្យប្រជាពលរដ្ឋចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវម្ដងទៀត ព្រមទាំងត្រៀមរៀបចំសន្តិសុខសម្រាប់ព្រឹត្តិការណ៍នានាដែលរៀបចំឡើងដោយគណបក្សនយោបាយ។
ប្រភព៖ AA
















