|

ឧបទវហេតុរថភ្លើងពីរគ្រឿងបុកគ្នា នៅឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ និងជាង ៨០ នាក់ទៀតរងរបួស


នៅព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែមេសា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការយ៉ាងខ្លាំង នៅជាយរដ្ឋធានី Jakarta ប្រទេស Indonesia បន្ទាប់ពីមានហេតុការណ៍រថភ្លើងពីរគ្រឿងបុកគ្នាកាលពីយប់ថ្ងៃទី២៨ មេសា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់ស្លាប់ និងជាង ៨០ នាក់រងរបួស។

អ្នកនាំពាក្យក្រុមហ៊ុនរថភ្លើងរដ្ឋ KAI លោកស្រី Anna Purba បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅស្ថានីយ៍ Bekasi Timur Station ដែលស្ថិតនៅប្រហែល ២៥ គីឡូម៉ែត្រពីទីក្រុងហ្សាការតា។ តាមសេចក្តីរាយការណ៍ រថភ្លើងផ្លូវឆ្ងាយមួយបានបុកជាមួយរថភ្លើងដឹកអ្នកដំណើរដែលកំពុងឈប់នៅលើផ្លូវដែក បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានមនុស្សជាប់គាំងក្នុងទូរថភ្លើងជាច្រើននាក់ទៀត។

យ៉ាងណាមិញ អាជ្ញាធរបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់ស្ថិតនៅលើរថភ្លើងដឹកអ្នកដំណើរ ខណៈអ្នកដំណើរប្រមាណ ២៤០ នាក់នៅលើរថភ្លើងមួយទៀតត្រូវបានជម្លៀសដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ អនុប្រធានសភាឥណ្ឌូនេស៊ី Sufmi Dasco Ahmad បានព្រមានថា “ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមព្រោះតែការខូចខាតទូរថភ្លើងធ្ងន់ធ្ងរ មិនទាន់អាចជម្លៀសអ្នកដំណើរចេញបាន”។

គួរបញ្ជាក់ថាកន្លងមក ប្រទេសឥណ្ឌូនេស៊ី ក៏ធ្លាប់ជួបប្រទះគ្រោះថ្នាក់រថភ្លើងធ្ងន់ធ្ងរបែបនេះដែរ គឺនៅខេត្ត West Java ក្នុងឆ្នាំ២០២៤ ដោយបានសម្លាប់សមាជិកក្រុមនាវិកចំនួនបួននាក់ និងធ្វើឱ្យមនុស្សប្រហែលម្ភៃនាក់ទៀតរងរបួស។

ប្រភព៖ The Guardian