អឺរ៉ុបប្រកាសអាសន្ន! រលកកម្ដៅខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ផ្តាច់ជីវិតមនុស្សជាង ១,០០០នាក់ ខណៈសីតុណ្ហភាពឡើងដល់ ៤០°C!


ប៉ារីស៖ រលកកម្ដៅដ៏ខ្លាំងបំផុតមិនធ្លាប់មាន បានបន្តគ្របដណ្ដប់តំបន់អឺរ៉ុប ដោយសីតុណ្ហភាពនៅតំបន់ខ្លះបានកើនឡើងដល់ ៤០អង្សាសេ។ ជាមួយគ្នានេះ ប្រទេសបារាំងបានរាយការណ៍ថា មានអ្នកស្លាប់លើសពីកម្រិតធម្មតាប្រមាណ ១,០០០នាក់ ដែលពាក់ព័ន្ធនឹងរលកកម្ដៅនេះ ហើយអាជ្ញាធរឧតុនិយមកំពុងប្រកាសអាសន្ន ដោយព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។

ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំងបានឱ្យដឹងថា ភាគច្រើននៃអ្នកស្លាប់គឺជាមនុស្សវ័យចំណាស់ ខណៈទិន្នន័យពីមណ្ឌលថែទាំមនុស្សចាស់ និងគេហដ្ឋានឯកជនមួយចំនួននៅមិនទាន់ត្រូវបានប្រមូលបញ្ចប់នៅឡើយ។

ជាមួយគ្នានេះ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា រលកកម្ដៅ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែមិថុនា គឺជាកម្ដៅដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រអឺរ៉ុប។ ស្ថានភាពនេះបានប៉ះពាល់ដល់ប្រព័ន្ធផលិតអគ្គិសនី បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធសុខាភិបាលផងដែរ។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា មនុស្សប្រមាណ ១៥០ លាននាក់ កំពុងរស់នៅក្រោមរលកកម្ដៅខ្លាំង ខណៈមនុស្សរាប់រយនាក់បានស្លាប់ សាលារៀនជាច្រើនត្រូវបិទទ្វារ និងបណ្តាញអគ្គិសនីកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង។

លោកបានបន្ថែមថា បច្ចុប្បន្ន បាតុភូតនេះ បានក្លាយជារឿងកើតឡើងស្ទើរតែរៀងរាល់ឆ្នាំ ដោយសារការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី។ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានអះអាងថា រលកកម្ដៅលើកនេះស្ទើរតែមិនអាចកើតមានឡើយ ប្រសិនបើគ្មានឥទ្ធិពលពីសកម្មភាពរបស់មនុស្សដែលបង្កឱ្យអាកាសធាតុប្រែប្រួល។

នេះជារលកកម្ដៅ ដែលបានបំបែកកំណត់ត្រាសីតុណ្ហភាពនៅក្នុងប្រទេស អាល្លឺម៉ង់ អូទ្រីស ប៉ូឡូញ និងសាធារណរដ្ឋឆែក ខណៈព្យុះផ្គររន្ទះបានកើតឡើងនៅតំបន់ខ្លះនៃប្រទេសបារាំង បង្កឱ្យមានការរំខានដល់ការធ្វើដំណើរ និងការផ្គត់ផ្គង់អគ្គិសនីជាបន្តបន្ទាប់។

ជាងនេះទៅទៀត នៅអាល្លឺម៉ង់ សេវារថភ្លើងលើខ្សែសំខាន់មួយក្នុងរដ្ឋ North Rhine-Westphalia ត្រូវបានកាត់ផ្ដាច់ ខណៈសេវារថភ្លើងអគ្គិសនីនៅទីក្រុង Leipzig ត្រូវផ្អាកជាបណ្ដោះអាសន្ន។ ប្រជាពលរដ្ឋជាច្រើនបានជ្រើសរើសស្នាក់នៅក្នុងផ្ទះ ដើម្បីជៀសវាងកម្ដៅខ្លាំងនេះ។

ទន្ទឹមនឹងនេះ ក្រុមឧតុនិយមបានព្យាករណ៍ថា អាកាសធាតុនៅអឺរ៉ុបខាងលិចនឹងចាប់ផ្តើមចុះត្រជាក់បន្តិចក្នុងសប្ដាហ៍នេះ ប៉ុន្តែរលកកម្ដៅនឹងបន្តរំកិលទៅកាន់តំបន់អឺរ៉ុបកណ្តាល និងតំបន់បាល់កង់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោកស្រី Stéphanie Rist បានព្រមានថា ផលប៉ះពាល់សុខភាពពីរលកកម្ដៅនេះអាចបន្តរហូតដល់ ១០ថ្ងៃ ទៀត ទោះបីសីតុណ្ហភាពបានចាប់ផ្តើមធ្លាក់ចុះក៏ដោយ។

ប្រភព៖ Reuters