|

ឯកឧត្តម ហ៊ុន ម៉ានី ជួបជាមួយគ្រូបង្រៀន និងគ្រូពេទ្យ នៅស្រុកបរសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ


នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកបរសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមាណ២, ៣៧២ នាក់។

នាឱកាសនៃពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានលោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ដែលបានឆ្លៀតពេលចុងសប្តាហ៍ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលរួមពិធីជួបជុំថ្ងៃនេះ ដែលនេះជាការជួបជុំលើកដំបូងក្រោយវិបិត្តកូវីដ-១៩ បានធូរស្បើយ។ ឯកឧត្តមបានបន្តថា គោលបំណងនៃការជួបជុំថ្ងៃនេះគឺដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះ លោកគ្រូ អ្នកគ្រូបង្រៀន ក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ដើម្បីអភិវឌ្ឍធនធានមនុស្ស និងសុខភាពប្រជាជន មុន និងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ឆ្លងកាត់ វិបត្តិដ៏លំបាកនេះ បានធ្វើអោយខ្មែរមករួបរួមគ្នា សហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ស្របជាមួយគ្នាដែរ ឯកឧត្តមបានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នេះគឺកើតចេញពីការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កិច្ចសហការពីសំណាក់រដ្ឋបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរ និងការលៈបង់មិនអាចកាត់ថ្លៃបានពីសំណាក់ លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ជាពិសេសនោះគឺ ការអត់ធ្មត់ យោគយល់ខ្ពស់ គាំទ្រវិធានការរបស់ក្រសួងសុខាភិបាលរបស់ប្រជាពលរដ្ឋកម្ពុជា៕