សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស៊ុយអែតដើម្បីរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពនិស្សិត និងការគ្រប់គ្រងទូទៅ


ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២២ គណៈប្រតិភូមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដឹកនាំដោយ ឯកឧត្តមសាកលវិទ្យាធិការបណ្ឌិត ជេត ជាលី រួមទាំងថ្នាក់ដឹកនាំ តំណាងសាស្ត្រាចារ្យ និងមន្ត្រីពាក់ព័ន្ធបានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ Stockholm សាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មស៊ុយអែត  និងសាកលវិទ្យាល័យ Uppsala។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីទទួលបានការយល់ដឹងបន្ថែម និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់លើការអភិវឌ្ឍ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ICT ការស្វែងយល់បន្ថែមអំពីប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និងសង្គម-មនុស្សជាតិ។

សាកលវិទ្យាល័យទាំងបីខាងលើ គឺជាដៃគូរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការឧបត្ថម្ភរបស់ ISP (កម្មវិធីវិទ្យាសាស្ត្រអន្តរជាតិ) និង SPIDER (កម្មវិធីស៊ុយអែតសម្រាប់ ICT ក្នុងតំបន់កំពុងអភិវឌ្ឍន៍) និងក្រោមកិច្ចព្រមព្រៀងទ្វេភាគីស៊ុយអែត-RUPP គាំទ្រដោយ SIDA (Swedish International Development Cooperation Agency)។

គួរបញ្ជាក់ផងដែរថា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានដៃគូសហប្រតិបត្តិការអន្តរជាតិជាង១០០ ដែលភាពជាដៃគូពាក់ព័ន្ធនេះ បានរួមចំណែកធ្វើឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្លាយជាសាកលវិទ្យាល័យដែលឈានមុខគេលើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា។ ក្នុងនោះ ប្រទេសស៊ុតអែត ត្រូវបានចាត់ទុកជាដៃគូដ៏សំខាន់មួយរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលតែងតែផ្ដល់កិច្ចសហការ និងការគាំទ្រ និងលើកកម្ពស់ជាបន្តបន្ទាប់មក​​លើផ្នែកបច្ចេកវិទ្យានៃមជ្ឈមណ្ឌលប្រព័ន្ធព័ត៌មាន ICT នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាពង្រឹងសមត្ថភាពបុគ្គលិកសិក្សានៃនិស្សិតទាំងអស់ផងដែរ៕

ដោយ៖ ផាត់ គឹមឆែ