|

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានការគាំទ្រពីក្រសួងក្នុងការផ្សព្វផ្សាយភាពស្អាត ភាពបៃតង ដល់ អ្នកសិក្សាស្រាវជ្រាវ និងសហគមន៍


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថាននៅតែបន្តគាំទ្រ និងជំរុញ លើកទឹកចិត្តដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ស្តីពីកិច្ចសហការលើកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព កាលពីខែឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យមានការផ្សព្វផ្សាយភាពស្អាត ភាពបៃតង និងចីរភាព ហើយការផ្សព្វផ្សាយពីភាពស្អាត និងភាពបៃតងតាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ សួនរុក្ខជាតិ ទីតាំងហាត់ការ បោះជំរំអប់រំបរិស្ថាន និងទេសចរណ៍ធម្មជាតិ ទៅដល់សិស្សនិស្សិត អ្នកសិក្សាស្រាវជា្រវ និងសហគមន៍ឱ្យពួកគាត់ទទួលបានភាពស្អាតទាំងក្នុង និងក្រៅ ដើម្បីទទួលបានសុខភាពល្អ។ ភាពស្អាតផ្នែកខាងក្រៅ គឺធ្វើឱ្យបរិស្ថាននៅជុំវិញខ្លួនរបស់យើងស្អាត ដែលនឹងនាំមកនូវសហគមន៍ស្អាត ទីកន្លែងសិក្សាមានបរិស្ថានស្អាត និងសង្គមជាតិស្អាត។ ម្យ៉ាងវិញទៀតភាពស្អាតពីខាងក្នុងវិញ គឺជាភាពស្មោះត្រង់ក្នុងការធ្វើអាជីវកម្ម ឬលក់ដូរជាមួយគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាក់ស្តែងប្រជាសហគមន៍ប្រមូលផលបាន យកមកលក់ឱ្យភ្ញៀវទេសចរ ដោយមានការកំណត់តម្លៃច្បាស់លាស់ធ្វើឱ្យអ្នកទេសចរទទួលបានភាពស្អាតពីខាងក្នុងរបស់ប្រជាសហគមន៍ ពួកគេនឹងជួយផ្សាយបន្តឱ្យទេសចរមកលេងសហគមន៍កាន់តែច្រើន។

លើសពីនេះ ការជួយផ្សព្វផ្សាយអំពីផលិតផល កសិផលរបស់ប្រជាសហគមន៍ និងការជួយស្វែងរកទីផ្សារជាតិ និងអន្តរជាតិក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍដោយចីរភាពផងដែរ ហើយនេះគឺជាវឌ្ឍនភាពមួយជំហានទៀតឆ្ពោះទៅមុខនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៤-២០២៨ ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាសហគមន៍ ហើយស្របនឹងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលលើកឡើងថា ការអភិវឌ្ឍ និងការអភិរក្សត្រូវដើរទន្ទឹមគ្នា៕

ប្រភព៖ ក្រសួងបរិស្ថាន
រូបភាព៖ Kampucheathmey daily