សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Samsung ដើម្បីពង្រឹងវិស័យបច្ចេកវិទ្យាសម្រាប់និស្សិតកម្ពុជា


កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Samsung និងជាការសម្ពោធដាក់ឱ្យប្រើប្រាស់នូវ Samsung Innovation Campus នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមបីសំណាក់ ឯកឧត្តម ឈួន ដ៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Hark Nyo Park, Chief Financial Officer ក្រុមហ៊ុនសាមសុងអេឡិកត្រូនិក ឯកឧត្តម បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលរងរាជធានីភ្នំពេញ លោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុនសាមសុង ប្រចាំនៅអាស៊ីអាគ្នេយ៍ ព្រមទាំងឯកឧត្តម លោកជំទាវភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

កិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-កូរ៉េ គឺដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើវិស័យផ្សេងៗដូចជា នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ វប្បធម៌ ជាពិសេស ការរួមគ្នាបង្កើតកម្មវិធីនវានុវត្តន៍រវាងក្រុមហ៊ុនសាមសុង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ គោលបំណងសំខាន់គឺដើម្បីពង្រឹងនូវវិស័យបច្ចេកវិទ្យាសម្រាប់និស្សិតកម្ពុជា។

យោងទៅតាមប្រសាសន៍ លោក កៀន​ តាក់ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា Samsung Innovation Campus នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ នឹងផ្ដល់ជូននូវការឧបត្ថម្ភជាកុំព្យូទ័រ ផ្ដល់ជូននូវមុខវិជ្ជា Coding និង Programming ដល់សិស្ស និស្សិតកម្ពុជាជំនាន់ក្រោយ ព្រមទាំងការបណ្ដុះបណ្ដាលជាមួយនឹងទ្រឹស្ដី និងជំនាញបច្ចេកទេសដើម្បីឱ្យក្លាយទៅជាអ្នកជំនាញក្នុងការងារបច្ចេកវិទ្យានេះ ហើយក៏ជាចំណែកមួយជួយធ្វើឱ្យបច្ចេកវិទ្យាក្នុងប្រទេសយើងកាន់តែរីកចម្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា សាមសុងអេឡិកត្រូនិកបានបង្កើតសាខា Samsung Innovation Campus ជាច្រើនជុំវិញពិភពលោកតាំងពីឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃទំនួលខុសត្រូវក្នុងសង្គម។ គិតត្រឹមបំណាច់ឆ្នាំនេះចំនួនអ្នកទទួលបានផលពីគម្រោងនេះ នឹងកើនឡើងដល់១២០០០០នាក់សម្រាប់យុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់២៥ឆ្នាំ នេះបើតាមការបញ្ជាក់ពីឯកឧត្តម Heung- kyoeng park ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា៕

ដោយ៖ ផាត់ គឹមឆែ