សម្ដេច ហ៊ុន​ សែន៖ ស្ថិតក្នុងកាលៈទេសៈដ៏ពិបាកប៉ាន់ប្រមាណនេះយើងត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការលើកឡើងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ អំពីប្រឈមជាសាកលដែលកំពុងកើតមានឡើងគួរអោយព្រួយបារម្មណ៍ ខណៈជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ, ដែលបញ្ហាប្រឈមទាំងអស់នេះអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។

សម្ដេច ហ៊ុន​ សែន

ជាក់ស្តែង ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្ដដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណាដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ ហើយជាងនេះទៅទៀត, អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង ផងដែរ ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង ពិបាកប៉ាន់ប្រមាណនេះ, យើងត្រូវការជាចាំបាច់នូវកិច្ចសហ-ប្រតិបត្តិការ និង ការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ និង សូមលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និង សុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុត,ប្រកាន់ខ្ជាប់ ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និង ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។

សម្ដេច ព្រមទាំងបានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២ នេះ, កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានក៏ដូចជារវាង អាស៊ាន-សហភាពអឺរ៉ុប និង រវាងអាស៊ាន-អេស្ប៉ាញផងដែរ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister