ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ទទួលបានភ្ញៀវជាតិ-អន្តរជាតិចូលទស្សនារហូតដល់ ៦៦ម៉ឺននាក់ ខណៈការរំពឹងទុកត្រឹមតែ ១០មុឺននាក់ប៉ុណ្ណោះ!


រាជធានីភ្នំពេញ៖ ក្រោមការដឹកនាំរៀបចំដោយផ្ទាល់របស់អនុគណៈកម្មការទី៥ ដែលលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ និងលើសពីការរំពឹងទុក។

ក្នុងរយៈពេលនៃការរៀបចំព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ ភូមិហ្វ្រង់កូហ្វូនី បានទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ រហូតដល់ប្រមាណ ៦៦ម៉ឺននាក់ ខណៈដែលការរំពឹងទុកដំបូងមានត្រឹមតែ ១០ម៉ឺននាក់ ប៉ុណ្ណោះ។

តួលេខដ៏គួរឱ្យស្ញប់ស្ញែងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏ដូចជាការគាំទ្រយ៉ាងផុសផុលពីសំណាក់បងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវអន្តរជាតិ ក្នុងការចូលរួមស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច នវានុវត្តន៍ វប្បធម៌ ទេសចរណ៍ និងស្នាមញញឹមប្រកបដោយមេត្រីភាពរបស់កម្ពុជា។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ ក្រុមការងារ យុវជនស្ម័គ្រចិត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានរួមចំណែកបង្កើតភាពជោគជ័យ និងអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះឡើង។

ប្រភព៖ Ministry of Women’s Affairs of Cambodia