ឯកឧត្តម សៅ សុខា ត្រៀមខ្លួនប្រកាសលាលែងពីតំណែង ជាប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា (FFC)


ភ្នំពេញ៖ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះថា ឯកឧត្តមបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកាសលាលែងពីតំណែង បន្ទាប់ពីទទួលបានមតិស្នើសុំយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រក្លឹបបាល់ទាត់កម្ពុជា ដែលទាមទារឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ដើម្បីជំរុញការអភិវឌ្ឍវិស័យបាល់ទាត់ជាតិ។

ការបញ្ជាក់នេះ ធ្វើឡើងតាមរយៈសារឆ្លើយតបរបស់ឯកឧត្តម សៅ សុខា ទៅកាន់គេហទំព័រអ្នកគាំទ្រ Germany Football Fans Cambodia បន្ទាប់ពីខ្លឹមសារមួយ ត្រូវបានបង្ហោះកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានស្នើឱ្យឯកឧត្តម ពិចារណាលាលែងពីតំណែង និងបានបញ្ជាក់ថា « ១. បេីចាកចេញ! ឯកឧត្តម នៅតែទទួលការគោរពសម្រាប់ស្នាដៃ នៃការលះបង់ រយៈពេល ២០ ឆ្នាំមកនេះ។ ២. បេីបន្ត! អ្វីៗ កាន់តែល្អក់កករនឹងគ្នា ហើយពិបាកកែ»។

ជាការឆ្លើយតប ឯកឧត្តម សៅ សុខា បានសម្តែងការអរគុណចំពោះការផ្តល់មតិត្រង់ៗ និងបានបញ្ជាក់ថា ឯកឧត្តមយល់ស្របចំពោះការលើកឡើងមួយចំនួនរបស់អ្នកគាំទ្រ ជាពិសេសពាក់ព័ន្ធនឹងអនាគតវិស័យកីឡាបាល់ទាត់កម្ពុជា។ ទន្ទឹមនោះ ឯកឧត្តមបានលើកឡើងថា «ខ្ញុំក៏យល់ដូចបងប្អូន និងមានអារម្មណ៍ខ្មាស់អៀន ដែលមិនអាចសម្រេចតួនាទី ភារកិច្ច ធ្វើឲ្យវិស័យបាល់ទាត់កម្ពុជារីកលូតលាស់ សមនឹងក្តីបំណងប្រាថ្នារបស់បងប្អូន ក៏ដូចជាខ្លួនខ្ញុំផ្ទាល់តែម្តង ពិសេសការប្រកួតអន្តរជាតិ»។

ឯកឧត្តមប្រធានសហព័ន្ធ ក៏បានបញ្ជាក់ថា ឯកឧត្តម ជាមនុស្សដែលជឿជាក់លើក្រឹត្យក្រមធម្មជាតិ ការប្រកួតប្រជែង និងការផ្លាស់ប្តូរ ដូច្នេះក្នុងពេលជាមួយគ្នានោះ ឯកឧត្តម បានបង្ហាញឆន្ទៈត្រៀមប្រកាសលាលែងពីតំណែង ដោយក្ដីស្រលាញ់ ស្មោះស្ម័គ្រភក្តីបំផុតចំពោះជាតិ និងពូជសាសន៍ខ្មែរ ព្រមទាំងស្នើឱ្យអ្នកគាំទ្រ ជួយឧទ្ទេសនាមបេក្ខជនដែលមានសមត្ថភាព ដើម្បីកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្មី។

ទន្ទឹមនឹងសារបង្កប់ដោយមនោសញ្ចេតនាយ៉ាងជ្រាវជ្រៅរបស់ ឯកឧត្តម សៅ សុខា ជូនចំពោះអ្នកគាទ្រនិងវិស័យកីឡា ឯកឧត្តម បានណែនាំថា ចំពោះអ្នកមានបំណងផ្ញើរបញ្ជីបេក្ខជនប្រធានសហព័ន្ធថ្មី អាចបញ្ជូនទៅកាន់មន្ត្រីអគ្គលេខាធិការដ្ឋាន សហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីថ្ងៃ ច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។

ដោយឡែក យោងតាមសារបញ្ជាក់ការត្រៀមខ្លួនលាលែងពីតំណែង និងតបសំណូមពរ របស់ Page (Germany Football Fans Cambodia) ឯកឧត្តម ក៏បានបញ្ជាក់ថា៖ «ខ្ញុំត្រៀមខ្លួនប្រកាសលាលែងពីដំណែងតាមការផ្តល់មតិរបស់បងប្អូនដោយក្ដីស្រឡាញ់ និងគោរពស្មោះស្ម័គ្រភក្តីបំផុតចំពោះជាតិ និងស្រឡាញ់ពូជសាសន៍ខ្មែរ»។