CMAC និងអង្គការ APOPO ចុះMoUក្រោមហិរញ្ញប្បទាន ១,៨០០,០០០ដុល្លារ ដើម្បីបោសសម្អាតសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសគ្រាប់បែកចង្កោមក្នុងសង្គ្រាមឈ្លានពានថៃ


ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ អង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងអង្គការ APOPO បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម ព្រមទាំងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅទីបញ្ជាការកណ្តាល CMAC រាជធានីភ្នំពេញ រវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា។

យោងតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា គម្រោងនេះមានរយៈពេលអនុវត្ត ១៨ខែ គិតចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយមានថវិកាសរុបចំនួន ១,៦០០,០០០អឺរ៉ូ ស្មើនឹងប្រមាណ ១,៨០០,០០០ដុល្លារអាម៉េរិក ជាជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU)។

ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា អង្គការAPOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់មួយរបស់អង្គភាព​CMAC ក្នុងការងារបោសសម្អាមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ចាប់តាំងពីឆ្នាំ២០១៤មក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីពីការគំរាមកំហែងដោយសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសតំបន់គ្រាប់បែកចង្កោមរបស់ថៃឈ្លានពានក្នុងសង្គ្រាមឆ្នាំ២០២៥​ ដែលបានបាញ់ផ្លោងមកលើលំនៅដ្ឋាននិងស្រែចម្ការរបស់ប្រជាជន​ ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការបោសសម្អាតមីន រួមទាំងការប្រើប្រាស់សុនខ និងកណ្តុរហិតមីនក្នុងប្រតិបត្តិការមនុស្សធម៌។​

យ៉ាងណាមិញ ឯកឧត្តមបន្តថា ការអនុវត្តគម្រោងនេះនឹងរួមចំណែកដល់ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម​ នៅតាមតំបន់រងផលប៉ះពាល់ ពង្រឹងសុវត្ថិភាពសហគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC ដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
​
ដោយឡែក តាមរយៈគម្រោងនេះ អង្គភាពCMAC និងអង្គការAPOPO ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ជំនាញ បទពិសោធន៍ និងសមត្ថភាពបច្ចេកទេស ដើម្បីពន្លឿនការស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ នេះជាការរួមចំណែកដ៏មានអត្ថន័យក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ ការស្តារសហគមន៍ និងការលើកកម្ពស់សន្តិសុខមនុស្សនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា។

ប្រភព៖ ឯកឧត្តម ហេង រតនា