CMAC បញ្ជាក់ប្រាប់ក្រុម(AOT) និងសេនានុព័ន្ធយោធា ថា សំណល់យុទ្ធភណ្ឌពីការឈ្លានពានថៃលើទឹកដីកម្ពុជា បង្កការគំរាមកំហែងផ្ទៃដីជិត ៤មុឺនហិកតា


ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានCMACភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានធ្វេីរបាយការណ៍ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងសេនានុព័ន្ធយោធា ប្រចាំកម្ពុជា។

ក្នុងឱកាសនេះ មានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានសរុបចំនួន៣៧រូប ដឹកនាំលោកវរនាវីឯក Commodore. Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៃសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh) ចំនួន១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន​ អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ានដឹកនាំដោយលោកវរសេនីយ៍​ KYLE SALTZMAN​ អនុពន្ធ័យោធាសហរដ្ឋអាមេរិកនិងជាប្រធានតំណាងក្រុមអនុពន័្ធយោធាប្រចាំកម្ពុជា។​

ជាមួយគ្នានេះ ​អគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា ក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ/សង្កាត់ចំនួន៦០​ ភូមិចំនួន៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០.០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

សូមបញ្ជាក់ថា អង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន៣៣៥ភូមិក្នុងចំណោម៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃសរុបចំនួនជាង៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។ ដោយឡែក ក្នុងសង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទ​ដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូលនិងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង១៦.០០០ សក្ខីកម្ម។

ប្រភព៖ ឯកឧត្តម ហេង រតនា