រដ្ឋបាលក្រុងបាងកក ប្រកាសថាថវិកាជួយជនរងគ្រោះដោយទឹកជំនន់នៅសល់តែ ២៨លានបាតប៉ុណ្ណោះ!
បាងកក៖ លោក ឆាតឆាត ស៊ីទីផាន់ (Chadchart Sittipunt) រដ្ឋបាលក្រុងបាងកក បានថ្លែងកាលពីថ្ងៃចន្ទថា រដ្ឋបាលរាជធានីបាងកក (BMA) និងរដ្ឋាភិបាលថៃ កំពុងសហការយ៉ាងជិតស្និទ្ធក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ លោកក៏បានបដិសេធការលើកឡើងអំពីជម្លោះនយោបាយរវាងស្ថាប័នទាំងពីរផងដែរ។

យោងតាមការបញ្ជាក់របស់អភិបាលក្រុងបាងកក មានគ្រួសារជាង ១លានគ្រួសារ នៅក្នុងទីក្រុងបានចុះឈ្មោះស្នើសុំជំនួយពីរដ្ឋាភិបាល ក្នុងទំហំទឹកប្រាក់ ៥.០០០បាត ឬ ៩.០០០បាត ក្នុងមួយគ្រួសារ។ ក្នុងនោះ ពាក្យស្នើសុំប្រមាណ ២០ម៉ឺនករណី កំពុងរង់ចាំការដោះស្រាយ ខណៈមន្ត្រីកំពុងពិនិត្យ និងដំណើរការពាក្យស្នើសុំដែលមានឯកសារគ្រប់គ្រាន់ ព្រមទាំងផ្ទៀងផ្ទាត់ករណីដែលខ្វះឯកសារ ឬត្រូវការការបញ្ជាក់បន្ថែម។
ចំពោះថវិកាជំនួយ រដ្ឋបាលរាជធានីបាងកកបានចូលរួមចំណែកចំនួន ២១០លានបាត សម្រាប់កម្មវិធីជំនួយរបស់រដ្ឋាភិបាល។ ក្នុងចំណោមថវិកាបន្ទាន់ចំនួន ៤០០លានបាត រដ្ឋបាលក្រុងបានចំណាយអស់ ៣៧២លានបាតហើយ ដោយនៅសល់តែ ២៨លានបាតប៉ុណ្ណោះ។
ដើម្បីបន្តជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ រដ្ឋបាលក្រុងគ្រោងស្នើសុំការអនុម័តពីក្រុមប្រឹក្សារាជធានីបាងកក នៅថ្ងៃទី២៨ ខែតុលា ឆ្ន្នាំ២០២៦នេះ ដើម្បីប្រើប្រាស់ថវិកាបង្គរបន្ថែមចំនួន ១,១ពាន់លានបាត។ ប្រសិនបើទទួលបានការអនុម័ត ថវិកាសម្រាប់ការជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់របស់ក្រុង នឹងកើនឡើងដល់ប្រមាណ ១,៥ពាន់លានបាត។
ជាមួយគ្នានេះ លោក ឆាតឆាត បានបញ្ជាក់ថា លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ បានអនុម័តឱ្យប្រើប្រាស់ថវិកាកណ្តាលសម្រាប់ការផ្តល់ជំនួយដល់ជនរងគ្រោះដោយទឹកជំនន់រួចហើយ។ លោករំពឹងថា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ នឹងចាប់ផ្តើមផ្ទេរប្រាក់ជំនួយដែលនៅសល់មិនទាន់បានបើកជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃចន្ទ ទី២៦ ខែតុលា តាមលំដាប់ជួរនៃការដាក់ពាក្យស្នើសុំ។
ប្រភព៖ Khaosod













