|

ក្រសួងអប់រំសម្រេចផ្អាកដំណើរការសាលារៀនរដ្ឋ និងឯកជននៅភ្នំពេញចំនួន ២ថ្ងៃ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ!


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចៀសវាងការរំខានដោយសារការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។

យោងតាមលិខិតរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ការសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សានេះ ធ្វើឡើងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងចៀសវាងផលប៉ះពាល់ពីការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ។

ជាមួយគ្នានេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានស្នើឱ្យនាយក នាយិកានៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ សហការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយដល់បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សគ្រប់រូប ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ប្រភព៖ ក្រសួងអប់រំ