រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាការដោះស្រាយបញ្ហាព្រំដែនតាមការទូត និងច្បាប់អន្តរជាតិទោះយូរបន្តិចមែន តែមិនឱ្យពលរដ្ឋរងទុក្ខវេទនាដូចពេលសង្គ្រាមឡើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីការដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូត និងច្បាប់អន្តរជាតិត្រូវការពេលវេលាយូរបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនរងទុក្ខវេទនា ដូចការច្បាំងគ្នាដោយប្រើអាវុធទេ។ ការគូសបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសសម្តេចធិបតីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក និងពិនិត្យមើលគម្រោងផ្តល់ដីនិងផ្ទះជូនប្រជាពលរដ្ឋនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

យោងតាមខ្លឹមសាររបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្តេចធិបតីបានពន្យល់ប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុវត្ថិភាព សុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ជាអាទិភាព ដោយជ្រើសរើសការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចៀសសោកនាដកម្មដែលអាចកើតមានចំពោះប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចធិបតីបានស្នើឱ្យប្រជាពលរដ្ឋអត់ធ្មត់ និងរង់ចាំការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល ដោយមានគោលដៅទាមទារទឹកដីត្រឡប់មកវិញ និងអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះសម្បែងវិញ។ ទន្ទឹមនោះ សម្តេចធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ កក់ក្តៅពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ ជាពិសេសពលរដ្ឋភៀសសឹក និងបានអះអាងថា ផ្ទះបណ្តោះអាសន្នដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល មានលក្ខណៈសមរម្យសម្រាប់ការរស់នៅជាងការស្នាក់នៅក្រោមដំបូលតង់ក្នុងជំរុំប្រមូលផ្តុំ។
ទាក់ទងនឹងការជួយសង្គ្រោះ និងស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលបានផ្តល់ជម្រក សេវាទឹកស្អាត អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងថវិកាឧបត្ថម្ភប្រចាំខែ ព្រមទាំងជួយគាំទ្រដល់ការប្រកបរបរចិញ្ចឹមជីវិត ដូចជាការដាំបន្លែក្នុងរោង ការចិញ្ចឹមមាន់ និងការដាំដំណាំហូបផ្លែជាដើម។
តាមទិន្នន័យដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើង គ្រួសារដែលទទួលបានផលពីគម្រោងនៅស្រុកចុងកាល់មានចំនួន ១.០៧៧ គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ និងគ្រួសារក្រីក្រក្រោមគម្រោង LASED III ចំនួន ១៩៥ គ្រួសារ។ ប្រជាពលរដ្ឋទាំងនេះមានសមាជិកសរុបជាង ៤.២០០ នាក់ ក្នុងនោះកុមារជាង ១.៣០០ នាក់។ ដោយឡែក គ្រួសារកងកម្លាំងចំនួន ១៦៣ គ្រួសារ ក៏ត្រូវបានរាប់បញ្ចូលក្នុងទិន្នន័យដែលបានរាយការណ៍ផងដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋភៀសសឹកប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញបាននៅឡើយ ដោយសារការរារាំងពីកងកម្លាំងថៃ តាមរយៈការ ដាក់ពង្រាយបន្លាលួស ទូរកុង តឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីទាមទារ ដីដែលកងកម្លាំងថៃដណ្តើមកាន់កាប់ដោយខុសច្បាប់មកជូនប្រជាពលរដ្ឋខ្មែរវិញដោយសន្តិវិធី ដូចអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាអះអាងថា ក្រោមច្បាប់អន្តរជាតិ ពលរដ្ឋភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនៅពេលជម្លោះប្រដាប់អាវុធបានបិទបញ្ចប់។
ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនជនរួមជាតិជ្រាបម្តងទៀតថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះគឺជាឯកសារ ដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យ ស្ថិតនៅជាធរ មានរហូតទាល់តែបញ្ហាព្រំដែនត្រូវបានដោះស្រាយបញ្ហាទាំងស្រុង និងដោយយុត្តិធម៌ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។
ប្រភព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល

















