ប្រទេសស្វីសត្រៀមបើកដំណើការការិយាល័យតំណាងការទូតអចិន្ត្រៃយ៍របស់ខ្លួនឡើងវិញ នៅកូរ៉េខាងជើង !


ហ្ស៊ុយរិច៖ លោក អ៊ីញ៉ាស៊ីអូ កាស៊ីស (Ignazio Cassis) រដ្ឋមន្ត្រីការបរទេសស្វីស នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាបញ្ហានយោបាយជាមួយមន្ត្រីកូរ៉េខាងជើង និងចូលរួមក្នុងពិធីបើកការិយាល័យការទូតរបស់ស្វីសឡើងវិញនៅទីក្រុងព្យុងយ៉ាងជាផ្លូវការដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលស្វីស កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដំណើរទស្សនកិច្ចរបស់លោក កាស៊ីស នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ហើយលោកនឹងជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េខាងជើង ក្នុងឱកាសពិធីបើកការិយាល័យការទូតជាផ្លូវការ នៅថ្ងៃទី៣០ ខែតុលា ដោយស្តារវត្តមានតំណាងការទូតអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងប្រទេសនេះឡើងវិញ។ កិច្ចពិភាក្សានឹងផ្តោតលើការបន្តកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ស្ថានការណ៍សន្តិសុខនៅឧបទ្វីបកូរ៉េ និងបញ្ហាភូមិសាស្ត្រនយោបាយអន្តរជាតិ។

សូមបញ្ជាក់ថា ការផ្អាកការិយាល័យស្វីសមួយរយៈនេះ ធ្វើឡើងដោយសារតែកូរ៉េខាងជើងបានរឹតត្បិតការចូល និងចេញពីប្រទេសយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ចំណែកស្វីសមិនអាចបន្តប្រតិបត្តិការជំនួយមនុស្សធម៌បាន និងដកបុគ្គលិករបស់ខ្លួនចេញពីទីក្រុងព្យុងយ៉ាងក្នុងខែមីនា ឆ្នាំ២០២០ ក្រោយមកការិយាល័យសហប្រតិបត្តិការរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ដែលបានបើកតាំងពីឆ្នាំ១៩៩៧ ត្រូវបានផ្អាកសកម្មភាព។ ផ្ទុយទៅវិញបច្ចុប្បន្ននេះសហភាពអឺរ៉ុប (EU) បានផ្អាក ឬកាត់បន្ថយយ៉ាងខ្លាំងនូវកិច្ចសន្ទនាដោយផ្ទាល់ជាមួយកូរ៉េខាងជើង។

យ៉ាងណាមិញ សូមបញ្ជាក់ជូនបន្ថែមថា ការិយាល័យការទូតស្វីសនៅទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមកិច្ចសន្យាបើកដំណើរការឡើងវិញតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ហើយការប្រកាសបើកជាផ្លូវការនាពេលខាងមុខនេះ នឹងបង្ហាញពីការស្តារវត្តមានតំណាងការទូតអចិន្ត្រៃយ៍របស់ស្វីសនៅកូរ៉េខាងជើង។

ប្រភព៖ Reuters