ឯកឧត្តម ហ៊ុន ម៉ានី៖ «យុវជនខ្មែរគ្រប់ជំនាន់ ជាអ្នកបន្តរែកពន់ជោគវាសនាជាតិ ពីអ្នកជំនាន់មុន សំដៅដល់ការការពាររាល់សមិទ្ធផលដែលសម្រេចបាន និងកសាងបន្ថែមសម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់បន្ទាប់»
នេះជាប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន» របស់ឯកឧត្តម ណាំ ទុំ នៅសាលប្រជុំ នៃវិមាន ៧ មករា។












ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តមបានគូសបញ្ជាក់ថា សង្គមមួយដែលមានការរីកចម្រើន តជំនាន់ ត្រូវការជាចាំបាច់នូវការអប់រំ និងការបណ្តុះផ្នត់គំនិតដល់ប្រជាជនវ័យក្មេង ឱ្យចេះរៀនឱ្យតម្លៃ ទទួលស្គាល់ គោរព ស្ញប់ស្ញែង និងមានកតញ្ញូតាធម៌ចំពោះការលះបង់របស់អ្នកជំនាន់មុន។ ឯកឧត្តមបានបន្តថា បទពិសោធ និងពុទ្ធិរបស់ថ្នាក់ដឹកនាំគឺជា «មេរៀន» ដែលគ្មានសាលា អាចបង្រៀនបានពេញលេញនោះទេ លុះត្រាតែយើងទទួលបានឱកាស ដើម្បីស្តាប់ និងរៀនសូត្រផ្ទាល់ពី «សាក្សីរស់» នៃប្រវត្តិសាស្ត្រ។
ឯកឧត្តមបានបន្ថែមថា យើងត្រូវការជាចាំបាច់នូវការចូលរួមដោយសកម្មពីប្រជាជនវ័យក្មេងរបស់យើង ក្នុងការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រទេសជាតិ។ ឈរលើស្មារតីនេះ អនុលោមតាមទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ដែលបានគូសបញ្ជាក់ថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ» គណៈចលនាមហាជននៃគណៈកម្មាធិការ កណ្តាល ក្រោមការតម្រង់ទិសរបស់ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តួចផ្តើមរៀបចំវេទិកាបាឋកថាជាស៊េរី«កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ដើម្បីផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធពីការអនុវត្តផ្ទាល់ ឆ្លងកាត់ផ្ទាល់របស់ថ្នាក់ដឹកនាំជំនាន់មុន ទៅកាន់អ្នកជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំ ។
















