និយ័តករមូលបត្រកម្ពុជា ព្រមានចាត់វិធានការធ្ងន់លើក្រុមហ៊ុន និងបុគ្គល ដែលផ្សព្វផ្សាយបើកគណនីជួញដូរឧបករណ៍និស្សន្ទជាមួយក្រុមហ៊ុនគ្មានអាជ្ញាបណ្ណ


(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានចេញសេចក្តីជូនដំណឹងក្រើនរំលឹកដល់ក្រុមហ៊ុន និងបុគ្គលទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សព្វផ្សាយ ទាក់ទាញអតិថិជន និងផ្តល់តំណភ្ជាប់សម្រាប់បើកគណនីជួញដូរឧបករណ៍និស្សន្ទជាមួយក្រុមហ៊ុនដែលមិនទាន់ទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ដោយព្រមានថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ប្រសិនបើនៅតែបន្តសកម្មភាពល្មើស។

យោងតាមសេចក្តីជូនដំណឹងរបស់ ន.ម.ក. បានឱ្យដឹងថា ន.ម.ក. បានសង្កេតឃើញមានក្រុមហ៊ុន និងបុគ្គលមួយចំនួនបាននិងកំពុងផ្សព្វផ្សាយទាក់ទាញសាធារណជន តាមរយៈការផ្តល់ប្រឹក្សាយោបល់ និងដាក់តំណភ្ជាប់ (Link) សម្រាប់បើកគណនីជួញដូរឧបករណ៍និស្សន្ទ ដូចជាការជួញដូរលើហាងឆេងមាស និងហាងឆេងរូបិយបណ្ណ ជាដើម ជាមួយក្រុមហ៊ុនដែលមិនមានអាជ្ញាបណ្ណធ្វើអាជីវកម្មជើងសាឧបករណ៍និស្សន្ទពី ន.ម.ក. ឬក្រុមហ៊ុនដែលកំពុងស្ថិតក្នុងដំណាក់កាលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ប៉ុន្តែមិនទាន់ទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតឱ្យដំណើរការអាជីវកម្មនៅឡើយ។

ជាមួយគ្នានេះ ន.ម.ក. បានបញ្ជាក់ថា សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការបំពានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងវិស័យមូលបត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារវិនិយោគិន ន.ម.ក. បានដាក់ចេញនូវវិធានការណែនាំ និងក្រើនរំលឹកចំណុចសំខាន់ៗមួយចំនួន
ដោយបញ្ជាក់ថា គ្រប់ក្រុមហ៊ុន និងបុគ្គលទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពផ្សព្វផ្សាយ រៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល ផ្តល់ប្រឹក្សាវិនិយោគ កៀរគររកអតិថិជន ដាក់តំណរភ្ជាប់ Link ដើម្បីបើកគណនីជួញដូរ ឧបករណ៍និស្សន្ទតាមគ្រប់រូបភាពជាមួយក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណពី ន.ម.ក. ឬស្ថិតក្នុងដំណាក់កាលស្នើសុំ អាជ្ញាបណ្ណពី ន.ម.ក.។ ក្នុងករណីក្រុមហ៊ុន និងបុគ្គល នៅតែបន្តប្រព្រឹត្តសកម្មភាពល្មើសនេះទៀត ន.ម.ក. នឹង ចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។

ដោយឡែក ភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ និងអ្នកណែនាំអតិថិជនដែលកំពុងផ្សព្វផ្សាយទាក់ទាញអតិថិជន ឬដាក់តំណភ្ជាប់ឱ្យបើកគណនីជួញដូរឧបករណ៍និស្សន្ទជាមួយក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ ឬមិនទាន់ទទួលបានអាជ្ញាបណ្ណ ត្រូវបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។ ប្រសិនបើនៅតែបន្ត ន.ម.ក. នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ផងដែរ។

ជាងនេះទៅទៀត ន.ម.ក. បានអំពាវនាវដល់សាធារណជន និងវិនិយោគិនទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការបើកគណនីជួញដូរឧបករណ៍និស្សន្ទ ឬដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ ឬមិនទាន់ទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតឱ្យធ្វើអាជីវកម្មពី ន.ម.ក.។

ប្រភព៖ និយ័តករមូលបត្រកម្ពុជា