គណៈកម្មការរៀបចំការប្រឡងប្រជែង បន្តផ្តល់ឱកាសផ្ទេរកន្លែងការងារដល់គ្រូបង្រៀន ដើម្បីគោលដៅតែមួយគត់គឺ «ដោះស្រាយបញ្ហាខ្វះគ្រូនៅភ្នំពេញ»
(ភ្នំពេញ)៖ ការប្រឡងប្រជែងផ្ទៃក្នុងសម្រាប់ការផ្ទេរ និងផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់គ្រូបង្រៀនមកកាន់រាជធានីភ្នំពេញ មានគោលដៅតែមួយគត់ គឺការដោះស្រាយបញ្ហាខ្វះគ្រូបង្រៀននៅរាជធានីភ្នំពេញ ដោយផ្តោតលើការបំពេញតម្រូវការគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង។



តាមរយៈលទ្ធផលនៃការប្រឡងប្រជែងផ្ទៃក្នុង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា សាលាបឋមសិក្សាមួយចំនួននៅរាជធានីភ្នំពេញនៅតែមានការខ្វះខាតគ្រូបង្រៀន ពោលគឺមិនទាន់មានបេក្ខជនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនៅឡើយ។ ក្នុងន័យនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានផ្តល់ឱកាសដល់បេក្ខជនជាប់បម្រុងទាំងអស់ ដែលបានចូលរួមប្រឡងផ្ទៃក្នុង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ អាចដាក់ពាក្យជ្រើសរើសសាលារៀនដែលនៅមានការខ្វះខាតគ្រូបង្រៀន ដោយអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ។
យ៉ាងណាមិញ ក្នុងករណីដែលនៅតែមិនអាចទាន់បំពេញតម្រូវការគ្រប់គ្រាន់នោះទេ លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេស ដែលមានក្របខ័ណ្ឌស្រាប់កំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅកម្រិតបឋមសិក្សា និងតាំងស៊ប់រួច អាចដាក់ពាក្យផ្ទេរកន្លែងការងារដែលនៅសេសសល់តម្រូវការគ្រូបង្រៀន។ ប្រសិនបើនៅតែមានតម្រូវការបន្ថែមទៀត គ្រូបង្រៀនដែលបំពេញការងារតាមកិច្ចព្រមព្រៀងការងារ បានរយៈពេល១ឆ្នាំ ក៏អាចដាក់ពាក្យស្នើសុំផ្ទេរកន្លែងការងារមកភ្នំពេញបានដូចគ្នា។
ទោះបីជាបេក្ខជន ដែលចូលរួមប្រឡងបានជ្រើសរើសទីតាំងបម្រើការងារតាមបំណងរបស់ខ្លួនប្រកបដោយតម្លាភាពរួចរាល់ហើយក៏ដោយ ក៏នៅមានការច្វះខាតគ្រូបង្រៀនតាមសាលាបឋមសិក្សាមួយចំនួននៅរាជធានីភ្នំពេញនៅឡើយ។ ចំពោះស្ថានភាពនេះ គណៈកម្មការ មិនទុកបញ្ហាចោលនោះទេ ដោយនឹងបន្តនីតិវិធីដោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការគ្រូបង្រៀនជាក់ស្តែង។
ទន្ទឹមនេះ ដំណោះស្រាយនឹងផ្តោតលើថ្នាក់រៀនដែលមានចំនួនសិស្សច្រើន ដែលបង្កការលំបាកទាំងដល់គ្រូបង្រៀន និងសិស្សានុសិស្ស ព្រមទាំងឆ្លើយតបនឹងបំណងប្រាថ្នារបស់អាណាព្យាបាលសិស្ស ដែលចង់ឃើញកូនៗទទួលបានគុណភាពនៃការរៀន និងការបង្រៀនកាន់តែប្រសើរ។ ជាគោលដៅ ថ្នាក់រៀនគួរមានចំនួនសិស្សចន្លោះពី៣០នាក់ ទៅ៥៩នាក់។ ដោយឡែក ចំពោះបញ្ហាខ្វះខាត ឬលើសគ្រូបង្រៀននៅតាមបណ្តាខេត្តនានា គណៈកម្មការក៏កំពុងពិចារណា និងស្វែងរកដំណោះស្រាយតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដោយអនុវត្តជាដំណាក់កាលជាបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សានីមួយៗឱ្យបានសមស្រប។













