គ្រូបង្រៀនក្របខ័ណ្ឌសរុបចំនួន ៤៦៦នាក់ បានប្រឡងជាប់ស្ថាពរ សម្រាប់ផ្ទេរកន្លែងការងារមកភ្នំពេញ ខណៈតម្រូវការរហូតដល់ចំនួន ៨៣១នាក់!


ភ្នំពេញ៖ បេក្ខជនជាគ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌចំនួន ៤៦៦នាក់ បានប្រឡងជាប់ស្ថាពរក្នុងការប្រឡងប្រជែងផ្ទៃក្នុង ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈតម្រូវការគ្រូបង្រៀនសរុបមានចំនួន ៨៣១នាក់។ នេះបើយោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ដែលបានប្រកាសនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។

យោងតាមទិន្នន័យលទ្ធផល បេក្ខជនដែលប្រឡងជាប់ស្ថាពរទាំង ៤៦៦នាក់ រួមមាន គ្រូបង្រៀនកម្រិតមត្តេយ្យសិក្សា ២០នាក់ ក្នុងចំណោមតម្រូវការ ៣៨នាក់ គ្រូបង្រៀនកម្រិតបឋមសិក្សា ២១៧នាក់ ក្នុងចំណោមតម្រូវការ ៥០២នាក់ គ្រូបង្រៀនកម្រិតអនុវិទ្យាល័យ ២៣នាក់ ក្នុងចំណោមតម្រូវការ ២៧នាក់ និងគ្រូបង្រៀនកម្រិតវិទ្យាល័យ ២០៦នាក់ ក្នុងចំណោមតម្រូវការ ២៦៤នាក់។ តាមរយៈលទ្ធផលនេះ ការបំពេញតម្រូវការគ្រូបង្រៀននៅរាជធានីភ្នំពេញនៅមិនទាន់គ្រប់ចំនួននៅឡើយ ដោយគណៈកម្មការរៀបចំការប្រឡងប្រជែង នឹងបន្តរៀបចំបំពេញតម្រូវការគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាទាំងនោះជាបន្តបន្ទាប់ទៀត។

គួររំឭកផងដែរថា ការប្រឡងប្រជែងផ្ទៃក្នុងនេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដោយមានបេក្ខជនមានសិទ្ធិចូលរួមប្រឡងសរុបចំនួន ១ ១៥១នាក់ ក្នុងនោះស្ត្រីចំនួន ៥៧៤នាក់ ខណៈចំនួនបេក្ខជនដែលបានដាក់ពាក្យតាមប្រព័ន្ធសរុបមានចំនួន ១ ៧៧៨នាក់។ ដោយឡែក ដំណើរការប្រឡងប្រជែងនេះ ត្រូវបានអនុវត្តក្រោមការតាមដាន និងត្រួតពិនិត្យយ៉ាងតឹងរុឹងពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការពាក់ព័ន្ធ ដោយឆ្លងកាត់ដំណាក់កាលកែសន្លឹកកិច្ចការ និងផ្ទៀងផ្ទាត់ពិន្ទុយ៉ាងម៉ត់ចត់ ដើម្បីធានាសុក្រឹតភាព តម្លាភាព និងយុត្តិធម៌ជូនបេក្ខជនគ្រប់រូប។

សូមបញ្ជាក់ជូនថា ការប្រឡងប្រជែងផ្ទៃក្នុងនេះ មានគោលបំណងជ្រើសរើសគ្រូបង្រៀនដែលមានសមត្ថភាពតាមកម្រិតសិក្សា ដើម្បីផ្ទេរកន្លែងការងារមកបំពេញតម្រូវការគ្រូបង្រៀននៅរាជធានីភ្នំពេញ ស្របតាមតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងជាផ្នែកមួយនៃការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្អែកលើគោលការណ៍តម្លាភាព សុក្រឹតភាព យុត្តិធម៌ និងការអនុវត្តតាមនីតិវិធីដែលបានកំណត់។