អតីតប្រធានចារកម្មអាល្លឺម៉ង់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធសំណុំរឿងចារកម្ម និងក្បត់ជាតិ
ប៊ែរឡាំង៖ អតីតប្រធានសេវាចារកម្មសហព័ន្ធអាល្លឺម៉ង់ (BND) លោក August Hanning ត្រូវបានឃាត់ខ្លួន ក្នុងសំណុំរឿងចារកម្ម និងក្បត់ជាតិ ដែលទាក់ទងនឹងការចោទប្រកាន់ថា លោកបានសុំជំនួយពីអតីតមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នចារកម្មអ៊ីស្រាអែល ក្នុងការចាប់ពង្រាត់កុមារ២នាក់ពីប្រទេសដាណឺម៉ាក។

គួរឱ្យដឹងផងដែរថា លោក Hanning ដែលធ្លាប់ដឹកនាំ BND កំពុងប្រឈមនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន រួមមាន ចារកម្ម ការចង់ដឹងអំពីអាថ៌កំបាំងរដ្ឋ និងក្បត់ជាតិ។ សំណុំរឿងនេះ ក៏បានធ្វើឱ្យមានការលើកឡើងជាថ្មីអំពីទំនាក់ទំនងរបស់លោក Hanning ជាមួយអតីតមន្ត្រីជាន់ខ្ពស់របស់ Mossad និង Shin Bet របស់អ៊ីស្រាអែលផងដែរ។
ផ្នែកមួយនៃការស៊ើបអង្កេតបានផ្តោតលើការចោទប្រកាន់ថា កុមារ២នាក់ដែលរស់នៅជាមួយឪពុករបស់ពួកគេ គឺលោក Stefan Hansel នៅប្រទេសដាណឺម៉ាក ត្រូវបានគេបង្ខំឱ្យឡើងរថយន្តនៅថ្ងៃចូលឆ្នាំសកល ឆ្នាំ២០២៤ ហើយត្រូវបាននាំទៅប្រទេសអាល្លឺម៉ង់ ដើម្បីទៅជួបម្តាយរបស់ពួកគេ គឺអ្នកជំនួញស្រីអាល្លឺម៉ង់ Christina Block។ សក្ខីកម្មរបស់លោក Hansel កាលពីខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានលើកយកមកពិនិត្យជាថ្មីក្នុងការស៊ើបអង្កេតនេះ។ តាមសារព័ត៌មានអ៊ីស្រាអែល Ynet លោក Hansel បានប្រាប់អ្នកស៊ើបអង្កេតថា លោក Hanning បានទាក់ទងនឹងអតីតប្រធាន Mossad លោក Danny Yatom។ លោក Yatom បានទទួលស្គាល់ថា លោកស្គាល់លោក Hanning ប៉ុន្តែបានបដិសេធថា មិនមានការចូលរួមក្នុងករណីនេះឡើយ។
ព្រះរាជអាជ្ញាអាល្លឺម៉ង់ក៏បានឱ្យដឹងថាកាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអយ្យការទីក្រុង Hamburg បានឆែកឆេរផ្ទះរបស់លោក Hanning ក្នុងការស៊ើបអង្កេតលើលោក Block និងជនសង្ស័យផ្សេងទៀត ដោយត្រូវបានរាយការណ៍ថា បានរឹបអូសឯកសារ និងភស្តុតាងមួយចំនួន។ បន្ទាប់ពីអ្នកស៊ើបអង្កេត បានពិនិត្យសម្ភារៈទាំងនោះ រកឃើញករណីសង្ស័យ ក៏បញ្ជូនសំណុំរឿងនេះទៅ ការិយាល័យព្រះរាជអាជ្ញាសហព័ន្ធអាល្លឺម៉ង់ នៅដើមឆ្នាំ២០២៦ ដែលជាស្ថាប័នទទួលបន្ទុកលើសំណុំរឿងធ្ងន់ធ្ងរពាក់ព័ន្ធនឹងចារកម្ម និងក្បត់ជាតិតែម្ដង។
តាមសារព័ត៌មានអាល្លឺម៉ង់បញ្ជាក់ថា លោក Hanning បានធ្វើការជាទីប្រឹក្សាផ្នែកសន្តិសុខអន្តរជាតិ និងមានទំនាក់ទំនងជិតស្និតជាមួយប្រទេសអ៊ីស្រាអែលជាយូរមកហើយ។ សំណុំរឿងថ្មីនេះបានពង្រីកវិសាលភាពនៃការស៊ើបអង្កេតយ៉ាងខ្លាំង ដោយបន្ថែមការចោទប្រកាន់ពាក់ព័ន្ធនឹង ចារកម្ម និងក្បត់ជាតិ និងការចោទប្រកាន់ដ៏ចម្រូងចម្រាសពាក់ព័ន្ធនឹងការប៉ុនប៉ងចាប់ពង្រាត់កុមារ និងទំនាក់ទំនងជាមួយអតីតមន្ត្រីចារកម្មអ៊ីស្រាអែល។
ប្រភព៖ TRT world














