អតីតបវរកញ្ញាថៃ! ត្រូវបានឃាត់ខ្លួន ក្រោយជាប់រឿងអាស្រូវជាសប្បុរសធម៌ក្លែងក្លាយ និងកិបកេងលុយបរិច្ចាករបស់សាធារណៈជន
(បាងកក)៖ អ្នកស្រី Boom Panadda Wongphudee អតីតបវរកញ្ញាថៃឆ្នាំ២០០០ និងជាសកម្មជនមនុស្សធម៌ដ៏លេចធ្លោមួយរូបនៅប្រទេសថៃ កំពុងប្រឈមនឹងការចាប់ខ្លួន បន្ទាប់ពីតុលាការព្រហ្មទណ្ឌថៃបានចេញដីកាចាប់ខ្លួនអ្នកស្រី និងស្វាមី ពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីសង្ស័យថា បានយកប្រាក់បរិច្ចាគសម្រាប់ជួយជនរងគ្រោះដោយគ្រោះមហន្តរាយទៅប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួន។




គួរឱ្យដឹងថា អ្នកស្រី Panadda វ័យ៥០ឆ្នាំ បានកសាងកេរ្តិ៍ឈ្មោះតាមរយៈអាជីពជាតារាសម្តែង និងពិធីការិនីទូរទស្សន៍ មុនពេលលេចធ្លោក្នុងសកម្មភាពមនុស្សធម៌។ អ្នកស្រីធ្លាប់ចូលរួមដឹកនាំប្រតិបត្តិការជួយសង្គ្រោះ និងចែកជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះអាសន្នផ្សេងៗនៅប្រទេសថៃជាច្រើនលើក។
ដោយសារសកម្មភាពជួយសង្គមទាំងនេះ អ្នកស្រីទទួលបានការជឿទុកចិត្តពីសាធារណជន ហើយមនុស្សជាច្រើនបានបរិច្ចាគថវិកាទៅមូលនិធិ Do Good Organisation Foundation ដែលអ្នកស្រីជាប្រធាន ដោយរំពឹងថាប្រាក់នឹងត្រូវប្រើសម្រាប់ជួយសហគមន៍ដែលជួបការលំបាក។
យ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះរបស់អ្នកស្រីកំពុងរងការចោទសួរយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងថា «ប្រាក់បរិច្ចាគមួយចំនួនត្រូវបានប្រើប្រាស់ក្នុងគោលបំណងដែលមិនពាក់ព័ន្ធនឹងការងារសប្បុរសធម៌ទេ រួមទាំងចំណាយផ្ទាល់ខ្លួនរបស់លោកស្រី និងប្រតិបត្តិការដែលទិញវីឡាប្រណីតមួយផងដែរ»។
តាមរយៈការស៊ើបអង្កេតបានចាប់ផ្តើមមានាការចាប់អារម្មណ៍ពីសាធារណជនខ្លាំង នៅខែតុលា ខណៈក្រុមប៉ូលិសបង្ក្រាបបទល្មើសសេដ្ឋកិច្ចថៃ បានចាប់ផ្តើមតាមដានការផ្ទេរប្រាក់ និងពិនិត្យទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងអ្នកស្រី គ្រួសារ និងមូលនិធិផ្សេងទៀត។ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ក្រុមអ្នកស៊ើបអង្កេតបានរាយការណ៍ថា បានបង្កកគណនីធនាគារប្រមាណ១៧គណនី ដែលមានសមតុល្យសរុបប្រមាណ៦០លានបាត។ អាជ្ញាធរក៏កំពុងពិនិត្យទ្រព្យសម្បត្តិដែលមានតម្លៃរាយការណ៍ថាលើសពី១០០លានបាត រួមមានផ្ទះ៣ទៅ៤ខ្នង ដីមួយចំនួន រថយន្តជាង២០គ្រឿង អាវុធខ្លី៦ដើម និងកាបូបប្រណីតជាច្រើន។
ផ្អែកលើទិន្ន័យនេះ ប៉ូលិសកំពុងស៊ើបអង្កេតប្រភព និងពេលវេលានៃការទិញទ្រព្យសម្បត្តិទាំងនេះ ដើម្បីកំណត់ថា «តើមានទ្រព្យសម្បត្តិណាមួយដែលបានមកពីប្រាក់បរិច្ចាគរបស់មូលនិធិដែរឬទេ?»។ ការពិនិត្យក៏បានពង្រីកទៅលើទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងស្វាមី កូនៗ និងឪពុកម្តាយរបស់អ្នកស្រីផងដែរ ប៉ុន្តែការពិនិត្យនេះមិនមានន័យថាបុគ្គលទាំងនោះត្រូវបានសង្ស័យថាបានប្រព្រឹត្តបទល្មើសនោះទេ។
ក្នុងសំណុំរឿងនេះ ប៉ូលិសកំពុងពិនិត្យលទ្ធភាពនៃបទល្មើសចំនួន៣ រួមមាន ការឆបោកសាធារណជន ការបំពានច្បាប់ស្តីពីបទល្មើសតាមប្រព័ន្ធកុំព្យូទ័រ និងការលាងលុយជាដើម ខណៈការស៊ើបអង្កេតផ្តោតលើការស្វែងរកថា «តើមានការប្រើប្រាស់ព័ត៌មានមិនពិតតាមប្រព័ន្ធអនឡាញ ដើម្បីអំពាវនាវឱ្យសាធារណជនបរិច្ចាគប្រាក់ ឬមានការផ្ទេរ លាក់បាំង និងបម្លែងប្រាក់ដែលទទួលបានពីសកម្មភាពខុសច្បាប់ទៅជាទ្រព្យសម្បត្តិដែរឬទេ?»។ ទោះជាយ៉ាងណា បទចោទប្រកាន់ជាក់លាក់ដែលមានក្នុងដីកាចាប់ខ្លួនមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។
យ៉ឫងណាមិញ នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ តុលាការព្រហ្មទណ្ឌថៃបានអនុម័តដីកាចាប់ខ្លួនអ្នកស្រី Panadda និងស្វាមីឈ្មោះ Atip Anantawan ក្រោយការស៊ើបអង្កេត បានរកឃើញភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុរបស់មូលនិធិ។ ក្រោយព័ត៌មានអំពីដីកាចាប់ខ្លួនត្រូវបានផ្សព្វផ្សាយ អ្នកស្រី Panadda បានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ «Hone Krasae» និងបានសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិ ដោយលើកឡើងថា «អ្នកស្រីនឹងសូមជាអ្នកទទួលខុសត្រូវរឿងនេះតែម្នាក់ឯង»។
គួរបញ្ជាក់ថា អ្នកស្រី Panadda មិនត្រឹមតែជាអតីតបវរកញ្ញា និងបុគ្គលល្បីក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្លាប់ត្រូវបានតែងតាំងជាអ្នកនាំពាក្យស្ម័គ្រចិត្តរបស់ក្រុមការងាររដ្ឋាភិបាលថៃ ដែលទទួលបន្ទុកគ្រប់គ្រងភាពតានតឹងតាមព្រំដែនថៃ-កម្ពុជា កាលពីខែសីហា ឆ្នាំ២០២៥ ផងដែរ។
បច្ចុប្បន្ន ប៉ូលិសថៃកំពុងបន្តពិនិត្យឯកសារហិរញ្ញវត្ថុរបស់មូលនិធិ និងតួនាទីរបស់បុគ្គលពាក់ព័ន្ធ។ សំណុំរឿងនេះបានបង្កឱ្យមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីសម្រេចរបស់តុលាការណាមួយកំណត់ពីទោសកំហុសរបស់អ្នកស្រី ឬស្វាមីនៅឡើយទេ។
ប្រភព៖ Khaosod
















