ទាហានអាមេរិកម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយយកព័ត៌មានសម្ងាត់រដ្ឋាភិបាល ភ្នាល់លើការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduro ចំណេញជាង ៤០០,០០០ ដុល្លារ
ទាហានកងកម្លាំងពិសេសសហរដ្ឋអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការ បន្ទាប់ពីត្រូវបានសង្ស័យថាបានប្រើប្រាស់ព័ត៌មានសម្ងាត់រដ្ឋាភិបាល ដើម្បីធ្វើការភ្នាល់ និងទទួលបានប្រាក់ចំណេញជាង ៤០ម៉ឺនដុល្លារ ពាក់ព័ន្ធនឹងប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា Nicolás Maduro។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានប្រកាសថា លោក Gannon Ken Van Dyke ត្រូវបានចោទប្រកាន់ពីបទជួញដូរផ្ទៃក្នុង និងប្រើប្រាស់ព័ត៌មានមិនមែនសាធារណៈ ដើម្បីធ្វើពាណិជ្ជកម្មលើវេទិកាភ្នាល់ Polymarket ដែលដំណើរការដោយរូបិយប័ណ្ណគ្រីបតូ។
យោងតាមអាជ្ញាធរ លោក Van Dyke ដែលកំពុងបម្រើការនៅមូលដ្ឋានយោធា Fort Bragg ក្នុងរដ្ឋ North Carolina បានដាក់ភ្នាល់ជាង ៣៣,០០០ ដុល្លារ លើលទ្ធផល និងពេលវេលានៃប្រតិបត្តិការយោធាមួយ ដែលមានឈ្មោះថា “Absolute Resolve” ខណៈពេលដែលលោកមានព័ត៌មានសម្ងាត់មុនពេលបង្ហាញជាសាធារណៈ។ ការភ្នាល់នេះបាននាំឱ្យលោកទទួលបានប្រាក់ចំណេញសរុបជាង ៤០៩,០០០ ដុល្លារ។
ប្រតិបត្តិការនេះ នាំឱ្យកងកម្លាំងអាមេរិក ចាប់ខ្លួនលោក Maduro និងភរិយារបស់លោក Cilia Flores នៅទីក្រុងការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា មុននាំទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់ពាក់ព័ន្ធអាវុធ និងគ្រឿងញៀន ដែលភាគីទាំងពីរបានបដិសេធ។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា សកម្មភាពរបស់លោក Van Dyke គឺជាការរំលោភច្បាប់យ៉ាងច្បាស់ ដោយរួមមាន ការប្រើប្រាស់ព័ត៌មានសម្ងាត់រដ្ឋាភិបាលសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ការលួចព័ត៌មាន ការក្លែងបន្លំទំនិញ ការក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់។
ក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គព្រះរាជអាជ្ញាស្តីទីសហរដ្ឋអាមេរិក Todd Blanche បានលើកឡើងថា បុគ្គលិកយោធាត្រូវបានទុកចិត្តឱ្យរក្សាព័ត៌មានសម្ងាត់ ដើម្បីធានាសុវត្ថិភាពនៃបេសកកម្ម ហើយមិនត្រូវប្រើប្រាស់ព័ត៌មានទាំងនេះសម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនឡើយ។
ជាមួយគ្នានេះ មេធាវីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក លោក Jay Clayton បានបញ្ជាក់ថា ទីផ្សារព្យាករណ៍មិនអាចក្លាយជាទីជំរកសម្រាប់សកម្មភាពខុសច្បាប់ ឬការប្រើប្រាស់ព័ត៌មានសម្ងាត់បានឡើយ។
ប្រភព៖ BBC














