ស្ថិតិនៃទេសចរកម្សាន្តឆ្លងឆ្នាំមានការកើនឡើងយ៉ាងគំហុក ក្រោយការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ


ដោយ៖ ផាត់ គឹមឆែ

នាឱកាសចូលឆ្នាំសកលឆ្នាំ២០២១ ឆ្លងចូល២០២២នេះ ជាថ្ងៃសម្រាកដ៏សប្បាយរីករាយ សម្រាប់ប្រជាជនខ្មែរ និងប្រជាជនទូទាំងពិភពលោក ក្នុងការអបអរសាទរទទួលឆ្នាំថ្មី។ ដោយយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ក្នុងឱកាសនេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១លាន១សែននាក់ ទាំងភ្ញៀវជាតិ អន្តរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុង ដោយក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាគោលដៅទេសចរណ៍សំខាន់ជាងគេ។

ក្រោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនាពេលកន្លងមក រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង- ស្រុកមួយចំនួន បានរៀបចំពិធីអបអរសាទរ និងទទួលអំណរឆ្នាំថ្មី​ ការប្រគំតន្រ្តី ការតុបតែងលម្អទីក្រុង និងការដាក់ភ្លើងបំភ្លឺជាដើម ដើម្បីទាក់ទាញភ្ញៀវទេចរ។

ដោយសារការបើកឡើងវិញ ឱ្យប្រជាពលរដ្ឋអាចដើរកម្សាន្តនៅតាមរមណីយដ្ឋាន ឬកន្លែងកម្សាន្តនានា បានជាធម្មតាវិញ ធ្វើឱ្យតួលេខនៃភ្ញៀវទេសចរដែលដើរកម្សាន្តក្នុងអំឡុងពេលឆ្លងឆ្នាំ ឆ្នាំនេះ មានការកើនឡើងដល់ទៅ​៦៣,៦៥% នេះជាចំនួនមួយ ដែលមានការកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២០ ឆ្លងចូល២០២១។

នេះជាដំណើរត្រឡប់ទៅរកប្រក្រតីភាពដ៏ល្អប្រសើររបស់កម្ពុជា លើវិស័យមួយនេះ។ ទន្ទឹមនឹងនេះ ក៏ជាការបើកឱកាស ឱ្យប្រជាពលរដ្ឋមានសេរីភាពក្នុងការដើរកម្សាន្ត សប្បាយ​យ៉ាងទូលំទូលាយឡើងវិញ ក្រោយទទួលបានការរំខានផ្នែកអារម្មណ៍ ការបិទខ្ទប់ និងត្រូវអនុវត្តនូវបម្រាម ក៏ដូចជាវិធានការការពារសុខភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាល រួមទាំងក្រសួងសុខាភិបាល ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់វីរុសឆ្លងកូវីដ-១៩ រយៈពេលជិត៣ឆ្នាំមកនេះ។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានការបើកឱ្យមានការប្រមូលផ្ដុំគ្នាឡើងវិញ​ តែយើងនៅតែបន្តការពារ និងប្រុងប្រយ័ត្នដដែល មិនធ្វេសប្រហែស ដែលគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានខិតខំអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងនិតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា(SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

កែសម្រួលដោយ៖ BRANDMEDIA