ACU រកឃើញមេក្លោង Scam ជនជាតិចិនម្នាក់បញ្ជូនលុយជាង២៥០លានដុល្លារ ទៅកាន់គណនីគ្រីបតូមេធំនៅក្រៅប្រទេស!
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបង្ហាញថា ក្នុងការស៊ើបអង្កេតករណីឃុំព្រែកខ្សាច់ ភាគទី៤ ដែលជាភាគបញ្ចប់ អ.ប.ព. បានរកឃើញមេខ្លោងអនឡាញហ្គេមជនជាតិចិនម្នាក់ ប្រើប្រាស់គណនីគ្រីបតូប្រភេទ USDT ដើម្បីផ្ទេរចំណូលពីសកម្មភាពឆបោកទៅកាន់កាបូបគ្រីបតូរបស់មេធំៗនៅក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ជាង ២៥០លានដុល្លារអាមេរិក។



យោងតាមប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ អ.ប.ព. ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា មេខ្លោងអនឡាញហ្គេមដែលមានឈ្មោះហៅក្រៅ «ត្រងោល» ឈ្មោះក្នុងបញ្ជីរបស់ក្រុមឆបោកគឺ ឆៃ យ៉ូវយៀន Cai You Yuan ហើយឈ្មោះពិតប្រាកដគឺ ចាង ចៀនឃាំង Zhang Jian Qiang ត្រូវបានរកឃើញមានប្រើគណនីត្រូវបានរកឃើញថា មានគណនីគ្រីបតូច្រើនជាង១០ និងបានប្រើប្រាស់ USDT សម្រាប់បម្លែងជាប្រាក់ដុល្លារអាមេរិក ឬប្រាក់យ៉ន់ចិន តាមរយៈអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ។
អ.ប.ព. បញ្ជាក់ថា ក្នុងចំណោមបុគ្គលពាក់ព័ន្ធ មាន ឡាយ សុខគង់ ដែលត្រូវបានកំណត់ថាជាអ្នកផ្តល់សេវាប្តូរប្រាក់រវាងគ្រីបតូ និងប្រាក់ពិត ដោយទទួល USDT ពី ឆៃ យ៉ូវយៀន ហើយបន្ទាប់មកប្រើប្រាស់គណនីធនាគាររបស់ខ្លួន ដើម្បីផ្ញើប្រាក់ដុល្លារអាមេរិកទៅកាន់បុគ្គល ឬគោលដៅដែល ឆៃ យ៉ូវយៀន ចង់បញ្ជូនឱ្យ។
តាមការរកឃើញរបស់ អ.ប.ព. ចំណូលដែល ឆៃ យ៉ូវយៀន ទទួលបានពីសកម្មភាពឆបោក ត្រូវបានផ្ទេរតាមប្រព័ន្ធគ្រីបតូទៅកាន់កាបូបរបស់មេធំ ដែលមានឈ្មោះ «OKX Hot Wallet 8»។ អ.ប.ព. បានរកឃើញតួលេខទឹកប្រាក់ចំនួន ២៥០,៦០៥,៨៦០.៤៩ដុល្លារអាមេរិក នៅក្នុងកាបូបគ្រីបតូនោះ ខណៈតួលេខដែលបានកត់ត្រាសម្រាប់ការស៊ើបអង្កេតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ មានចំនួនប្រមាណ ២៥០,៦០៥,០០០ USDT ដែលមានតម្លៃប្រហាក់ប្រហែលនឹងប្រាក់ដុល្លារអាមេរិក។
ភស្តុតាងដែលប្រមូលបាន អ.ប.ព. បានបញ្ជាក់ថា ប្រាក់ដែលទទួលបានពីសកម្មភាពឆបោកប្រមាណ ៩០% ត្រូវបានផ្ទេរចេញតាមគ្រីបតូទៅក្រៅប្រទេសភ្លាមៗ ខណៈប្រាក់ចាយវាយ និងនៅសល់នៅកម្ពុជាត្រឹមរាប់ម៉ឺនដុល្លារប៉ុណ្ណោះ ដែលយើង(រឹបអូស) ប្រសិនបើយើងរកឃើញ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានអំពីអត្តសញ្ញាណរបស់ «ឡាយ សុខគង់» ដែលជាអ្នកទទួលប្តូរប្រាក់គ្រីបតូ និងដុល្លារអាមេរិក ប្រាក់យ៉ន់ចិន ឱ្យ «ឆៃ យ៉ូវយៀន» តាមគណនីគ្រីបតូ ហើយប្រើគណនីប្រាក់ដុល្លារពិតនៅធនាគារស្របច្បាប់ សាធារណៈជនអាចលម្អិតនៅក្នុងសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បាន។
ជាមួយគ្នានេះ បានបញ្ជាក់ថាសព្វថ្ងៃនេះ មិនត្រឹមតែល្បិចឆបោកកាន់តែមានកម្រិតខ្ពស់ប៉ុណ្ណោះទេ តែភាពជឿនលឿននៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត AI ដែលជួយឱ្យឧក្រិដ្ឋជនរាប់ទាំងអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ងាយបិទបាំង គេចពីការចាប់បានពីសំណាក់សមត្ថកិច្ច រហូតសមត្ថកិច្ចនៃប្រទេសមួយត្រូវសហការ ជាមួយសមត្ថកិច្ចនៃប្រទេសច្រើនចូលគ្នា ហើយក៏មានករណីជាច្រើននៅតែរកចាប់មេអនឡាញហ្គេមមិនបានឡើយ។
ប្រភព៖ ACU















