ជនរងគ្រោះជាង ៨០ប្រទេស ត្រូវបានបោកឱ្យធ្វើការក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Online Scam)


ហ្សឺណែវ៖ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានព្រមានថា ការជួញដូរមនុស្សតាមរយៈមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Online Scam Centres) បានក្លាយជាទម្រង់មួយនៃការជួញដូរមនុស្ស ដែលកំពុងរីកលូតលាស់លឿនបំផុតនៅលើពិភពលោក ដោយមានជនរងគ្រោះមកពីជាង ៨០ប្រទេស ត្រូវបានបោកបញ្ឆោតឱ្យធ្លាក់ចូលក្នុងបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។

ទន្ទឹមនោះ អគ្គនាយក IOM លោកស្រី Amy Pope បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៨ ខែកក្កដា ថា មជ្ឈមណ្ឌលឆបោកជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ រួមមាននៅ មីយ៉ាន់ម៉ា ថៃ កម្ពុជា និងឡាវ កំពុងប្រើប្រាស់បណ្តាញអនឡាញ ដើម្បីបោកប្រាស់មនុស្ស ជាពិសេសមនុស្សវ័យចំណាស់នៅបណ្តាប្រទេសលោកខាងលិច ហើយត្រូវបានគេប៉ាន់ប្រមាណថា មានកម្មកររហូតដល់ ៣០ម៉ឺននាក់ កំពុងធ្វើការនៅក្នុងបណ្តាញទាំងនេះ។

ក្នុងនោះលោកស្រី Pope បានឱ្យដឹងថា បណ្តាញឧក្រិដ្ឋកម្មកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយផ្តោតលើអ្នកស្វែងរកការងារដែលមានការអប់រំខ្ពស់ តាមរយៈការផ្សព្វផ្សាយការងារក្លែងក្លាយនៅលើបណ្តាញសង្គម។ ដូចគ្នាដែរ ជនរងគ្រោះជាច្រើនមានជំនាញភាសាអង់គ្លេស និងសញ្ញាបត្រសាកលវិទ្យាល័យ ប៉ុន្តែត្រូវបានទាក់ទាញដោយការផ្តល់ជូនការងារមិនពិត។

យោងតាមការប៉ាន់ប្រមាណរបស់ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ការឆបោកតាមអនឡាញបានបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចទូទាំងពិភពលោក ចន្លោះពី ៨៨ពាន់លានដុល្លារ ដល់ ១១៤ពាន់លានដុល្លារអាមេរិក នៅកាលពីឆ្នាំមុន។

នៅមុនទិវាពិភពលោកប្រឆាំងការជួញដូរមនុស្ស ដែលប្រារព្ធនៅថ្ងៃទី៣០ ខែកក្កដា លោកស្រី Pope បានបញ្ជាក់ថា IOM បានជួយសង្គ្រោះជនរងគ្រោះជាង ៣,៥០០នាក់ មកពី ៣៣ប្រទេស ហើយជនរងគ្រោះជាច្រើនបានវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយស្ថិតក្នុងស្ថានភាពរងរបួសផ្លូវចិត្ត ជំពាក់បំណុល និងបាត់បង់ធនធានសម្រាប់ការរស់នៅ បន្ទាប់ពីត្រូវបានឃុំឃាំងអស់រយៈពេលជាច្រើនខែ ឬច្រើនឆ្នាំ។

ទោះជាយ៉ាងណា លោកស្រីបានអំពាវនាវឱ្យប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន បង្កើនវិធានការបង្ការ និងផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ដើម្បីទប់ស្កាត់បណ្តាញជួញដូរមនុស្ស និងការពារប្រជាពលរដ្ឋពីការផ្សព្វផ្សាយការងារក្លែងក្លាយ។

ជាមួយគ្នានោះ លោកស្រី Amy Pope បានបញ្ជាក់ថា៖ «មនុស្សដែលជាប់នៅក្នុងមជ្ឈមណ្ឌលឆបោក គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស ដែលត្រូវបានបង្ខំឱ្យប្រព្រឹត្តបទល្មើសក្រោមអំពើហិង្សា ការគំរាមកំហែង និងការបង្ខិតបង្ខំ។ យើងត្រូវរួមគ្នាគាំទ្រជនរងគ្រោះ បញ្ឈប់ក្រុមជួញដូរមនុស្ស និងបិទចន្លោះដែលបណ្តាញឧក្រិដ្ឋកម្មទាំងនេះកំពុងឆ្លៀតប្រើប្រាស់»។

ប្រភព៖ Aljazeera