សម្ដេចធិបតី៖ កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងសកម្មខ្លាំងក្លាបំផុតមួយនៅក្នុងតំបន់
ថ្លែងក្នុងសន្និសីទអន្តរជាតិស្តីពីការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែ គឺជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងតឹងរឹង និងសកម្មខ្លាំងក្លាបំផុតមួយនៅក្នុងតំបន់។

យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី ចាត់ទុកព្រឹត្តិការណ៍ដ៏ធំ ដែលកើតឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ ជាកិត្តិយស និងជាការទទួលស្គាល់នូវលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្ក្រាបបណ្តាញឆបោកតាមអនឡាញដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើយ៉ាងសកម្មខ្លាំងក្លាបំផុត។
ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ជាអាទិភាពខ្ពស់មួយដែលពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់បំផុតក្នយងការបោសសម្អាតសំបុកឧក្រិដ្ឋជន ដោយបញ្ជាយ៉ាងតឹងរ៉ឹងដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់ដោយគ្មានបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែង។
ក្នុងន័យនេះ គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូលតាមរយៈការដកហូតសមត្ថភាពប្រតិបត្តិការ ការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងការបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះឱ្យបានជាក់ស្តែងនិងយូរអង្វែង។















