សម្ដេចធិបតី៖ «ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយ ពិតប្រាកដ និងការអនុវត្តជាក់ស្តែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់»


ភ្នំពេញ៖ យោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងការអនុវត្តជាក់ស្តែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានលើកឡើងថា ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ រឹងមាំ និងមានចីរភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវគោលការណ៍គោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ព្រមទាំងការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង និងការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា “សន្តិភាពគឺជាដង្ហើមរស់សម្រាប់កម្ពុជា” ព្រោះសន្តិភាពបានផ្តល់ឱកាសមាសឱ្យប្រទេសកម្ពុជាអាចស្តារ និងកសាងជាតិឡើងវិញ ជំរុញការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និងសកលលោក។ សន្តិភាព ថែមទាំងបានអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាព ដើម្បីប្រែក្លាយទៅជាតួអង្គដ៏សកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការអន្តរជាតិផងដែរ។

សម្រាប់កម្ពុជា សន្តិភាពមិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាផ្លែផ្កានៃការតស៊ូងើបចេញពី ប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ និងសោកនាដកម្ម តាមរយៈការធ្វើពលិកម្មដ៏ធំធេងប្រកបដោយស្មារតីស្នេហាជាតិ ប្តូរផ្តាច់របស់មគ្គុទ្ទេសក៍ជាតិ និងប្រជាជនយើង។

ផ្អែកលើស្មារតីនេះ កម្ពុជាបាននឹងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុង បេសកកម្មរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូន កងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន ១០.៩១២នាក់ (ក្នុងនោះមានស្ត្រី ចំនួន ១.០៨២នាក់) ទៅ បំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសចំនួន១០ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។

ទន្ទឹមនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ដោយឆ្លងកាត់ការឈឺចាប់ និងផលវិបាកដ៏ខ្លោចផ្សានៃសង្គ្រាម ព្រមទាំងផលប៉ះពាល់ពីការឈ្លានពាន អធិបតេយ្យជាតិនាពេលថ្មីៗនេះ យើងរឹតតែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព កាលានុវត្តភាព ដ៏ទូលំទូលាយដែលសន្តិភាពបានបង្កើតឡើង និងភាពផុយស្រួយនៃសន្តិភាព ដែលយើងត្រូវតែរួមគ្នា ថែរក្សា និងការពារឱ្យបានដាច់ខាត។

ប្រភព៖ សម្ដេចធិបតី