ក្រសួងការបរទេសអាមេរិក កំពុងចាត់វិធានការរឹតបន្តឹងទិដ្ឋាការលើបុគ្គល៣២រូប ដែលជាប់ពាក់ព័ន្ធក្នុងក្រុមហ៊ុន ព្រីនស៍គ្រុប លើបទល្មើសឆបោកតាម Online និងបទឧក្រិដ្ឋផ្សេងទៀត
ភ្នំពេញ៖ យោងតាមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិងកំពុងចាត់វិធានការដើម្បីរឹតបន្តឹងទិដ្ឋាការ លើបុគ្គល ៣២ រូប ដែលទទួលខុសត្រូវ ឬមានការពាក់ព័ន្ធក្នុងការបោកប្រាស់ជនជាតិអាមេរិក តាមរយៈបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា បទឧក្រិដ្ឋដែលបណ្តាលឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។

សូមបញ្ជាក់ជូនថា បុគ្គលគោលដៅនេះ គឺពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) ដែលជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ (TCO) ហើយដែលត្រូវបានទទួលទណ្ឌកម្មជាច្រើនដងរួចមកហើយពីសហរដ្ឋអាមេរិក ចំពោះតួនាទីរបស់ខ្លួនក្នុងការបោកប្រាស់ជនជាតិអាមេរិក។
ជាមួយគ្នានេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ត្រាំ ក៏បានកំពុងប្រើប្រាស់រាល់មធ្យោបាយដែលមាន ដើម្បីការពារជនជាតិអាមេរិក កម្ចាត់បណ្តាញឧក្រិដ្ឋកម្មបោកប្រាស់ និងដាក់ទណ្ឌកម្មលើអ្នកដែលគាំទ្រសកម្មភាពទាំងនោះ។ ដោយឡែក សម្រាប់អ្នកដែលមានការពាក់ព័ន្ធក្នុងការបំផ្លាញក្រុមគ្រួសារ និងសហគមន៍ទូទាំងប្រទេស នឹងត្រូវហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិកឡើយ។
ប្រភព៖ U.S Embassy Phnom Penh, Cambodia















