|

ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ បន្តតាមដានកុំឱ្យមានករណី online scams កើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន


នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ដូចគ្នាដែរ ឯកឧត្តម បានក្រើនរំលឹកដល់អាជ្ញាធរ បន្តតាមដានកុំឱ្យមានករណី online scams កើតឡើងនៅមូលដ្ឋានរបស់ខ្លួន។

បើតាមរបាយការណ៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាក់ឱ្យដឹងថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។

ដោយឡែក បទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។ យុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ត្រូវបានប្រតិបត្តិការបង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងបានយ៉ាងល្អប្រសើរ។

ប្រភព ៖ ឯកឧត្តម សុខ លូ