លោក Donald Trump គំរាមឈប់ទិញយន្តហោះពីកាណាដា បើក្រុមហ៊ុនមិនមកផលិតនៅទឹកដីអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមថា ក្រុមហ៊ុនផលិតយន្តហោះរបស់កាណាដា Bombardier នឹងមិនអាចលក់យន្តហោះនៅទីផ្សារអាមេរិកបានទៀតទេ ប្រសិនបើក្រុមហ៊ុនមិនចាប់ផ្តើមផលិតយន្តហោះរបស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិក។



លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ដោយបញ្ជាក់ថា «លែងមានការលក់ Bombardier នៅសហរដ្ឋអាមេរិកទៀតហើយ» និងអះអាងថា ប្រសិនបើក្រុមហ៊ុនចង់ចូលទៅកាន់ទីផ្សារអាមេរិក ត្រូវផលិតយន្តហោះនៅក្នុងទឹកដីសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ លោក Trump ក៏បានចោទប្រកាន់កាណាដាថា បានអនុវត្តគោលនយោបាយមិនយុត្តិធម៌ចំពោះសហរដ្ឋអាមេរិក ដោយលើកឡើងថា កាណាដាបានរារាំងធនាគារ និងក្រុមហ៊ុនអាមេរិកមួយចំនួនពីការធ្វើអាជីវកម្មនៅក្នុងប្រទេសរបស់ខ្លួន។
ការគំរាមកំហែងនេះ កើតឡើង ខណៈទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាកំពុងមានភាពតានតឹងជាថ្មី បន្ទាប់ពីលោក Trump បានដាក់ពន្ធលើទំនិញរបស់កាណាដា ហើយកាណាដាក៏បានត្រៀមដាក់ពន្ធតបវិញលើទំនិញអាមេរិកប្រមាណ ៧០០ប្រភេទ ដែលមានទំហំទឹកប្រាក់ជិត ២០ពាន់លានដុល្លារ ផងដែរ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលលោក Trump ដាក់សម្ពាធលើក្រុមហ៊ុនផលិតយន្តហោះ Bombardier។ គួរឱ្យដឹងថា កាលពីខែមករា ឆ្នាំ២០២៦ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ បន្ទាប់ពីលោក Trump គំរាមដកវិញ្ញាបនបត្រអនុញ្ញាតសម្រាប់យន្តហោះឯកជនខ្នាតធំរបស់ Bombardier និងដាក់ពន្ធនាំចូល ៥០% លើយន្តហោះថ្មីៗ រហូតដល់កាណាដា ផ្តល់ការអនុញ្ញាតដល់យន្តហោះដែលផលិតដោយក្រុមហ៊ុនអាមេរិក Gulfstream ផ្ទាល់។
លោក Trump បានអះអាងបន្ថែមថា ជាង ៥០% នៃចំណូលរបស់ Bombardier ទទួលបានពីសហរដ្ឋអាមេរិក តាមរយៈអ្នកទិញ ភាគហ៊ុន អាកាសយានដ្ឋាន និងសេវាកម្មផ្សេងៗ។
ការគំរាមកំហែងថ្មីនេះ អាចប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ឯកជនធំៗនៅអាមេរិក រួមទាំង NetJets ដែលជាអតិថិជនដ៏ធំមួយរបស់ Bombardier ផងដែរ។ កាលពីខែធ្នូ ឆ្នាំ២០២៣ NetJets បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ Challenger 3500 ចំនួន ១២គ្រឿង ពី Bombardier និងមានជម្រើសទិញបន្ថែមរហូតដល់ ២៣២គ្រឿង។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះ Bombardier មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការគំរាមកំហែងរបស់លោក Trump នៅឡើយទេ៕
ប្រភព៖ Aljazeera















