យន្តហោះដឹកទំនិញ បុករះរថយន្តជាច្រើនគ្រឿង បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់!


សហរដ្ឋអាមេរិក៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួស បន្ទាប់ពីយន្តហោះដឹកទំនិញរបស់ Amazon បានរេចង្កូតចេញពីផ្លូវរត់អំឡុងពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Miami កាលពីរសៀលថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ដោយបានធ្លាក់ចំរថយន្តជាច្រើនគ្រឿង និងបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។

ប្រធានក្រុមសង្គ្រោះបន្ទាន់ Miami-Dade លោក Raied “Ray” Jadallah បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអាទិត្យថា ក្នុងចំណោមអ្នករងរបួស ៥នាក់ មាន ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលរបួស ខណៈ ២នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។ លោកបន្តថា ជនរងគ្រោះមួយចំនួនទៀត បានជាប់នៅក្នុងរថយន្តដែលត្រូវយន្តហោះធ្លាក់លើ ហើយក្រុមសង្គ្រោះត្រូវប្រើប្រាស់ប្រតិបត្តិការពិសេស ដើម្បីជួយពួកគេចេញពីក្នុងរថយន្ត។

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) យន្តហោះដែលជួបគ្រោះថ្នាក់នេះ គឺជាយន្តហោះដឹកទំនិញប្រភេទ Boeing 767-300 ដែលបានហោះចេញពីទីក្រុង San Juan នៃព័រតូរីកូ ហើយបានព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Miami វេលាម៉ោងប្រមាណ ២រសៀល។

មូលហេតុដែលធ្វើឱ្យយន្តហោះមិនអាចបញ្ឈប់បានទាន់ពេលវេលា នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ដោយឡែក ទិន្នន័យពីគេហទំព័រ តាមដានជើងហោះហើរ Flightradar24 បានបង្ហាញថា យន្តហោះបានហោះក្នុងបឿនជិត ១៣០ម៉ាយ៍ក្នុងមួយម៉ោង នៅពេលវារេចេញពីចំណុចខ្សែផ្លូវរត់របស់យន្តហោះ។

ការពិនិត្យលើសំឡេងទំនាក់ទំនងរវាងអ្នកបើកយន្តហោះ និងប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ក៏បង្ហាញថា អ្នកបើកយន្តហោះមិនបានប្រកាសអំពីស្ថានភាពអាសន្នភ្លាមៗ មុនពេលចុះចតនោះទេ។

ក្រុមសង្គ្រោះបន្ទាន់ជាង ៦០ក្រុម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីយន្តហោះបានឆេះ និងបញ្ចេញអណ្តាតភ្លើង ព្រមទាំងផ្សែងខ្មៅក្រាស់ឡើងទៅលើអាកាស។ ក្នុងនោះ អ្នកបើកយន្តហោះពីរនាក់ ត្រូវបានគេជួយសង្គ្រោះទាន់ពេល និងកំពុងទទួលការព្យាបាល ប៉ុន្តែស្ថានភាពសុខភាពរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

អាជ្ញាធរបានចាប់ផ្តើមស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។ ក្រុមអ្នកស៊ើបអង្កេតរបស់ FAA បានចុះទៅដល់កន្លែងកើតហេតុ ខណៈក្រុមអ្នកស៊ើបអង្កេតមកពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) ក៏បានចូលរួមស៊ើបអង្កេតផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Amazon បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិត និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះ។ ក្រុមហ៊ុនបានបញ្ជាក់ថា “យន្តហោះនេះ បានប្រតិបត្តិការដោយក្រុមហ៊ុន 21 Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ដឹកទំនិញមានទីស្នាក់ការនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក”។ យោងតាមក្រុមហ៊ុនវិភាគវិស័យអាកាសចរណ៍ Cirium ក្រុមហ៊ុន 21 Air មានប្រតិបត្តិការយន្តហោះ Boeing 767 ចំនួន ៨គ្រឿង សម្រាប់ Amazon Air ដែលជាសេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់ Amazon។

ប្រភព៖ CNN