ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ៤ថ្ងៃនៅនេប៉ាល់ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់


នេប៉ាល់៖ ប្រទេសនេប៉ាល់កំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ បានបង្កឱ្យមានទឹកជំនន់ និងការបាក់ដីនៅតាមតំបន់ជាច្រើន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ និង១៤នាក់ទៀតបាត់ខ្លួន ព្រមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

វីដេអូមួយដែលកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានបង្ហាញពីស្ថានភាពដ៏គួរឱ្យភ័យខ្លាច ខណៈផ្នែកដ៏ធំមួយនៃជម្រាលភ្នំនៅក្បែរលំនៅឋានប្រជាពលរដ្ឋ បានបាក់រលំចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលតែប៉ុន្មានវិនាទី ដោយដី ថ្ម និងកម្ទេចកម្ទីជាច្រើនបានហូរចុះតាមជម្រាលភ្នំ។ នៅក្នុងវីដេអូនោះមានឮសំឡេងប្រជាពលរដ្ឋក្មេង ចាស់ ដែលស្រែកដោយភ័យខ្លាច។

ចំពោះតំបន់ដែលរងផលប៉ះពាល់ខ្លាំង រួមមាន Manang, Myagdi, Baglung, Parbat និង Palpa ខណៈតំបន់មួយចំនួននៅភាគខាងត្បូងនៃតំបន់ Terai កំពុងប្រឈមនឹងការជន់លិច និងការហូរច្រោះដី។

តាមរបាយការណ៍របស់អាជ្ញាធរនេប៉ាល់បង្ហាញថា មនុស្ស ១០នាក់បានស្លាប់នៅ Baglung, ៦នាក់នៅ Myagdi, ២នាក់នៅ Manang, ៥នាក់នៅ Palpa និងម្នាក់ទៀតនៅស្រុក Dhanusha។ ចំណែកមនុស្ស ១៤នាក់ដែលបាត់ខ្លួន រួមមាន ១០នាក់នៅ Manang, ៣នាក់នៅ Myagdi និងម្នាក់នៅ Baglung។ មនុស្សមួយចំនួនទៀតបានរងរបួសនៅតំបន់ Lamjung, Baglung និង Myagdi។ ជាមួយគ្នានេះ ទឹកទន្លេ Kali Gandaki ក៏ត្រូវបានរាយការណ៍ថា បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ខណៈទន្លេ Narayani និង Tinau ក៏បានបង្កទឹកជំនន់ ការហូរច្រោះ និងការជន់លិចនៅតំបន់មួយចំនួនផងដែរ។

គ្រោះមហន្តរាយនេះ បានប៉ះពាល់ដោយផ្ទាល់ដល់ ៧៤៧គ្រួសារ ខណៈផ្ទះជាច្រើនរយខ្នងបានរងការខូចខាត ក្នុងនោះមានផ្ទះ ១៤៣ខ្នងត្រូវបានបំផ្លាញទាំងស្រុង និង៥១ខ្នងរងការខូចខាតមួយផ្នែក។ នៅខេត្ត Gandaki មានផ្ទះ ១៩៥ខ្នងត្រូវបានបំផ្លាញទាំងស្រុង និង២៦ខ្នងរងការខូចខាតមួយផ្នែក ហើយប្រជាពលរដ្ឋប្រមាណ ១,៥០០នាក់មកពី ៤៣៥គ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅឋាន។

នៅតំបន់ Parbat ដែលជាតំបន់មួយក្នុងចំណោម ១១ស្រុកនៃខេត្ត Gandaki ដែលរងការខូចខាតធ្ងន់ធ្ងរ មានផ្ទះយ៉ាងហោចណាស់ ១០៦ខ្នងត្រូវបានបំផ្លាញ និង៤ខ្នងរងការខូចខាតមួយផ្នែក ដែលបណ្តាលឱ្យប្រជាពលរដ្ឋប្រមាណ ៥៤០នាក់មកពី ១៦២គ្រួសារ ត្រូវចាកចេញពីលំនៅឋាន។

ក្រៅពីនេះ ស្ពានចំនួន ៦កន្លែងត្រូវបានបំផ្លាញទាំងស្រុង និង២កន្លែងរងការខូចខាតមួយផ្នែក។ អគាររដ្ឋចំនួន ៣កន្លែងត្រូវបានបំផ្លាញទាំងស្រុង និង៣កន្លែងទៀតរងការខូចខាតមួយផ្នែក។ ជង្រុកសត្វចំនួន ១៥កន្លែងត្រូវបានបំផ្លាញ និង២កន្លែងរងការខូចខាត ដែលបណ្តាលឱ្យសត្វចិញ្ចឹមចំនួន ៤៤ក្បាលងាប់។ យានយន្តកង់ពីរចំនួន ៣គ្រឿង និងរថយន្តចំនួន ១៥គ្រឿងក៏បានរងការខូចខាតផងដែរ។

ប្រភព៖ India Today