នេប៉ាល់ បំផ្ទុះផ្លូវរូងក្រោមដីនៃគម្រោងវារីអគ្គិសនី ដើម្បីស្វែងរកកម្មករបាត់ខ្លួនជាង ៩០០ នាក់
នេប៉ាល់៖ ក្រុមជួយសង្គ្រោះរបស់ប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បាននិងកំពុងបង្កើនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកម្មកររាប់សិបនាក់ ដែលអាចនឹងកំពុងជាប់នៅក្នុងផ្លូវរូងក្រោមដីនៃគម្រោងវារីអគ្គិសនី បន្ទាប់ពីផ្លូវរូងក្រោមដីជាច្រើនត្រូវបានជន់លិច និងពោរពេញដោយភក់ ថ្ម និងកម្ទេចកម្ទីពីទឹកជំនន់។ ខណៈនេះ ប្រតិបត្តិការជួយសង្គ្រោះ បានឈានចូលដល់ថ្ងៃទី៥ហើយ ខណៈក្រុមការងារត្រូវប្រឈមនឹងភ្លៀងធ្លាក់ ទឹកទន្លេកើនឡើង និងស្ថានភាពដ៏គ្រោះថ្នាក់នៅតំបន់ព្រំដែននេប៉ាល់-ចិន។




យោងតាមអាជ្ញាធរជាតិកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់ បានឱ្យដឹងថា មានកម្មករវារីអគ្គិសនីសរុបប្រមាណ ៩៣៣នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួន បន្ទាប់ពីភក់ដ៏ក្រាស់ និងកម្ទេចកម្ទីដ៏ធំបានគ្របដណ្ដប់តំបន់នោះនូវថ្ងៃដំបូងនៃគ្រោះមហន្តរាយ ដែលពួកគេអាចនឹងនៅជាប់ក្នុងរូងក្រោមដីជាច្រើនតំបន់នៃគម្រោងវារីអគ្គិសនី។ ប្រតិបត្តិការសំខាន់ៗរបស់ក្រុមអ្នកជួយសង្គ្រោះ កំពុងផ្តោតលើទីតាំង Upper Trishuli 3A និង Trishuli 3B ដែលស្ថិតក្នុងជ្រលងភ្នំហិមាល័យ។
ក្រសួងថាមពលនេប៉ាល់ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅផ្លូវរូងក្រោមដីនៃគម្រោង Upper Trishuli 3A Hydropower Project ក្នុងស្រុក Nuwakot ត្រូវបានបង្កើន ដោយក្នុងនោះក្រុមវិស្វកររបស់កងទ័ពនេប៉ាល់បានចាប់ផ្តើមប្រើប្រាស់ប្រតិបត្តិការបំផ្ទុះ ដើម្បីបើកផ្លូវចូលទៅកាន់តំបន់នោះ។
ក្រុមជួយសង្គ្រោះ ដែលមានសមាជិកប្រមាណ ៩០នាក់ មកពីកងទ័ព និងនគរបាល បានបើកផ្លូវចូលដល់ផ្នែកខាងលើនៃផ្លូវរូងក្រោមដី 3A ដែលត្រូវបានភក់កប់ ហើយក្រុមការងារបានបូមខ្យល់ចូលទៅក្នុងផ្លូវរូង និងប្រើកាមេរ៉ាដើម្បីពិនិត្យស្ថានភាពនៅខាងក្នុង។
ដោយឡែកនៅថ្ងៃអាទិត្យ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឧបករណ៍ធុនធ្ងន់ រួមមានម៉ាស៊ីនខួង ម៉ាស៊ីនជីក ម៉ាស៊ីនកាត់ធារាសាស្ត្រ និងឧបករណ៍ផ្សេងៗ ដើម្បីខួងរន្ធចំនួន៤។ បន្ទាប់មក ក្រុមជួយសង្គ្រោះបានចុះតាមខ្សែពួរចូលទៅក្នុងរណ្តៅដែលពោរពេញដោយភក់។ ក្រោយពីក្រុមជួយសង្គ្រោះចុះតាមរន្ធចូល និងស្រែកហៅទៅកាន់អ្នកដែលអាចជាប់នៅខាងក្នុង ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។ ដើម្បីពន្លឿនប្រតិបត្តិការ ក្រុមការងារបានបន្តប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ បំផ្ទុះ និងពង្រីកច្រកចូលទៅកាន់ផ្លូវរូងក្រោមដី។
តាមការរាយការណ៍ របស់ស្ថាប័នភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បានឱ្យដឹងថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ ក្រុមអ្នកជំនាញជួយសង្គ្រោះផ្លូវរូងក្រោមដីមានប្រទេសមួយចំនួនចូលរួមដូចជា ប្រទេសឥណ្ឌា ចិន និងកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ទឹកជំនន់បានបង្កផលប៉ះពាល់ យ៉ាងខ្លាំងដល់វិស័យវារីអគ្គិសនីរបស់នេប៉ាល់។ អាជ្ញាធរអគ្គិសនីនេប៉ាល់បានឱ្យដឹងថា ស្ថានីយវារីអគ្គិសនីចំនួន ១១កន្លែង និងស្ថានីយថាមពលពន្លឺព្រះអាទិត្យមួយកន្លែង ដែលមានសមត្ថភាពផលិតអគ្គិសនីសរុប ៤៣១.១មេហ្គាវ៉ាត់ បានផ្អាកដំណើរការ ខណៈសមត្ថភាពដែលបានបាត់បង់នេះ គឺស្មើនឹងប្រមាណ ១០% នៃសមត្ថភាពផលិតអគ្គិសនីដែលបានដំឡើងសរុបរបស់ប្រទេសនេប៉ាល់។
ក្រៅពីនេះ គម្រោងថាមពលចំនួន ១៥កន្លែង ដែលកំពុងសាងសង់ និងមានសមត្ថភាពផលិតអគ្គិសនីដែលបានគ្រោងទុកសរុបប្រមាណ ៤៧០មេហ្គាវ៉ាត់ ក៏បានរងការខូចខាតដោយសារគ្រោះមហន្តរាយនេះផងដែរ។
ប្រភព៖ CTV















